សម្តេចក្រឡាហោម ស ខេង និងលោកស្រីអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី០៦ នៅវត្តបទុមវតី

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ដកាន់បិណ្ឌវេនទី០៦ នៅវត្តបទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នាឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។ ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម និងលោកស្រីក៏បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។ លុះព្រឹកឡើងថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចក្រឡាហោម និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ នឹងអញ្ជើញចូលរួមប្រារព្ធពិធីរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ និងពហូដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

ក្នុងនាមជាពុទ្ធសាសនិកដ៏ឆ្នើម និងគោរពជឿជាក់យ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីសាសនាខ្មែរឱ្យគង់វង្សថិតថេរយូរអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីដ៏ធំនេះជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានា យ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

សូមជម្រាបផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេស គឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅលោកខាងមុខ និងបានជាចំណែកសម្រាប់កសាងនូវបុណ្យកុសលសម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print