ស្ងាត់ៗ​បញ្ចេញមនុស្ស៣នាក់មកជំរិតយកលុយពីអ្នករកស៊ីដឹកគ្រឿងសង្ហារិមដើម្បីប្រមូលសេដ្ឋកិច្ចជូនមេ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្តកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ 2AA-6634មួយគ្រឿង​ ត្រូវបានអ្នកបេីកបរបញ្ជាចង្កូតជ្រុលទៅបុកជញ្ជាំងរបងផ្ទះប្រជាពល​រដ្ឋ ហេីយក្រឡាប់ផ្ងារជើង នៅត្រង់ចំណុចភូមិបេង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស​ទេ ដែលគ្រោះថ្នាក់នេះត្រូវបានគេអះអាងថា​រថយន្តរបស់កម្លាំងសមត្ថកិច្ចត្បាញអាយបេីកដេញរថយន្តសាំយ៉ុងដឹកឈើសង្ហារិម​ដើម្បីស្ទាក់យក​លុយទុកត្រៀមយកទៅស៊ីចាយអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

យោងតាម​ប្រភព​ព័ត៌មាន​ពីមហាជនបានលួច​បង្ហេីបឱ្យដឹងថា​ មេៗនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ បានលួចបញ្ចេញកម្លាំងក្រៅផ្លូវការចំនួន៣នាក់ ប្រេីប្រាស់​
រថយន្តកាមរីបាឡែន និងរថយន្តម៉ាកព្រូសចេញបង្ក្រាបតាមរយៈយកតួនាទី​សមត្ថកិច្ច​ជំនាញ​ជំរិតយកលុយពីអ្នករក​ស៊ី​ដឹកឈើសង្ហារិម​ ជូនលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ម៉ាអេមហ្មង។

ប្រភព​ព័ត៌មាន​បង្ហេីបឱ្យដឹងទៀតថា​
មានមនុស្សជំនិតៗ មេៗចំនួន៣នាក់ បានដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការទឹកដីស្រុកតំបែរ ដើម្បីប្រមូលសេដ្ឋកិច្ចជូនមេៗ ដោយមិនមានលិខិតបេសកកម្មអ្វីបន្តិចសោះឡើយ ។ ក្នុងនោះដែរ គេសង្កេតឃើញថា គណៈបញ្ជាការឯកភាពស្រុកតំបែរក៏មិនមានវិធានការទប់ស្កាត់អ្វីដែរ ព្រោះដឹងថាជាកម្លាំងរបស់មេៗ ខាងលើ ។

ជាក់ស្តែង​នៅវេលាម៉ោង៣ៈ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០​ មានរថយន្តកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ 2AA.6634 បើកបរដោយឈ្មោះ សៅ សាំង បានបើកប្រដេញក្នុងល្បឿនលឿនដេញរថយន្តសាំយ៉ុងដឹកឈើសង្ហារិមហើយរេចង្កូតធ្លាក់ផ្លូវខ្លួនឯង ទៅបុកផ្ទះប្រជាពលរដ្ឋខ្មែរអ៊ិស្លាមក្រឡាប់ផ្ងារជើង នៅត្រង់ចំណុចភូមិបេង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ។
បើតាមប្រភពព័ត៌មានពីពលរដ្ឋគឺម្ចាស់រថយន្តកាមរីបាឡែនពណ៌សខាងលើ មិនមែនជាមន្ត្រីសមត្ថកិច្ចជំនាញនោះទេ គឺប្រជាពលរដ្ឋស៊ីវិលសុទ្ធសាធ តែយកឈ្មោះអ្នកធំក្នុងខេត្តមកប្រើ។ មួយវិញទៀតបើតាមការបង្ហើបប្រាប់ពីពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ម្ចាស់ឡានកាមរីបាឡែនខាងលើជារបស់ឈ្មោះ សៅ សាំង កន្លងមកមានការទំនាក់ទំនងជាមួយនឹងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើ ក៏បានដើរធ្វើការជាមួយគ្នា ដើម្បីប្រមូលថវិកាឲ្យទៅលោកប្រធានមន្ទីរខាងលើ ។ ក្រៅពីឈ្មោះនេះក៏នៅមានឈ្មោះ ម៉េង ជិះរថយន្តកាមរីបាឡែនពណ៌ខ្មៅ គឺជាអ្នករកចំណូលឲ្យលោកនាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងឈ្មោះ វ៉ា ហៅ”អាវ៉ែនតា” ក៏ជាអ្នកប្រមូលចំណូលឲ្យលោកនាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ផងដែរ ។

នេះជាដំណឹង​ និងក៏ជាសំណូមពរពីប្រជា
​រដ្ឋក្នុងស្រុកតំបែរ ស្នេីដល់គណៈមេបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ មេត្តាប្រេី​ ជំនាញ​ស៊េីប​អង្កេត និងមានចំណាត់ការផង៕
ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print