ខេត្តបាត់ដំបង៖ អង្គភាពទ័ពចំនួនពីរផ្សេងគ្នាចំណុះឲ្យយោធភូមិភាគទី៥ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញជាបន្តបន្ទាប់។ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ ដល់យោធិននៅវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ដែលស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងវគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ក្រោមវត្តមានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ កាលពីថ្ងៃដើមសប្តាហ៍ ខែកញ្ញា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់បញ្ជាការអង្គភាពថា ត្រូវត្រៀមកម្លាំងអន្តរាគមន៍ការពារ សន្តិសុខ សុវត្ថិភាព ជាប់ជានិច្ចក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ នឹងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ដែលបម្រើឲ្យកិច្ចអន្តរាគមន៍ ដោះស្រាយជាយថាហេតុណាមួយជូនប្រជាពលរដ្ឋ ដូចជាទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើម។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គហ្វឹកហ្វឺននោះថា ត្រូវមានម្ចាស់ការ រៀបចំសម្ភារសម្រាប់បម្រើឲ្យការហ្វឹកហ្វឺន, យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពេលម៉ោងសិក្សារៀនសូត្រ, មានសាមគ្គីភាពល្អជាមួយមិត្តក្នុងវគ្គ ដោយចេះជួយគ្នាទៅវិញទៅមក, ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសង និងការសេពគ្រឿងស្រវឹង ពិសេសគ្រឿងញៀន, ត្រូវចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ, ចូលរួមប្រឆាំង និងទប់ស្កាត់អំពើភេរវកម្មរបស់ពួកអមិត្ត និងថែរក្សាការពារនូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃឲ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ជាមួយគ្នានោះដែរ សិក្ខាកាមទាំងអស់ ត្រូវរក្សាអនាម័យឲ្យបានល្អ និងអនុវត្តឲ្យបាន នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដ៏សំខាន់ទាំងពីរនេះត្រូវបានរាយការណ៍ថា គឺធ្វើឡើង ដើម្បីបំប៉នជំនាញដល់យោធិននៃអង្គភាពនោះឲ្យកាន់តែមានសម្ថភាពល្អប្រសើរ ក្នុងការអនុវត្តភារកិច្ចស្នូលដែលធានាបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ដែលជាតួនាទីចំបងមិនអាចខ្វះបានរបស់កងយោធពលខេមរភូមិន្ទ៕
ដោយ៖ សិលា