អាមេរិកបានលុបទិដ្ឋាការ(វីសា)ដល់ក្រុមនិស្សិតចិនជាង១ពាន់នាក់។ នេះជាសកម្មភាពថ្មីបំផុតរបស់អាមេរិកទៅលើក្រុមនិស្សិតចិន ។ កាលពីថ្ងៃទី២៩ខែឧសភាកន្លងមក លោកត្រាំ បានប្រកាសផ្អាកមិនឱ្យក្រុមនិស្សិតចិនមកសិស្សានៅអាមេរិក ដោយចោទថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា«គិតមកដល់ថ្ងៃទី៨ខែកញ្ញា ក្រសួងការបរទេសបានលុបវីសានិស្សិតចិនជាង១ពាន់នាក់ហើយ។ ក្រុមនិស្សិតដែលលុបវីសា គឺស្ថិតនៅក្នុងសេចក្តីប្រកាសលេខ10043 ដូច្នេះនិស្សិតទាំងនោះមិនត្រូវបានផ្តល់ជូនវីសាឡើយ»។
កន្លងមក រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក លោក Chad Wolf ធ្លាប់បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន បានទប់ស្កាត់និស្សិតចិនមកកាន់អាមេរិកកាន់តែច្រើន ហើយក្រុមនិស្សិតទាំងនោះបានស្រាវជ្រាវប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «ក្រុមនិស្សិតស្រាវជ្រាវដែលមានចំនួនតិចគឺជាការគំរាមកំហែងដល់សន្តិសុខខ្ពស់»។ បច្ចុប្បន្នក្រុមនិស្សិតចិនសិក្សានៅអាមេរិកមានដល់ទៅជាង៣៦០ពាន់នាក់ ហើយក្រុមនិស្សិតទាំងនោះជាប្រភពចំណូលដ៏សំខាន់របស់មហាវិទ្យាល័យនៅអាមេរិក។ កន្លងមកចិនបានប្រឆាំងនិឹងសកម្មភាពកាត់បន្ថយចំនួននិស្សិតចិននៅអាមេរិក ។
ទំនាក់ទំនងរវាងអាមេរិកនិឹងចិន កាន់តែអាក្រក់ទៅដោយបញ្ហាជាច្រើន ពិសេសគឺវិស័យពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងបញ្ហាកោះហុងកុងជាដើម៕