សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ដោយយោងតាមសំណើររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះមានគោលបំណងរួមគ្នាពិនិត្យទៅលើគម្រោងផែនការថវិការបស់ក្រសួងមហាផ្ទៃ ទាំងផ្នែកសន្តិសុខសាធារណៈ និងផ្នែករដ្ឋបាល។ សម្ដេចបានបន្ថែមថា ផែនការនេះមានសារៈសំខាន់ និងចាំបាច់ ព្រោះថាការរៀបចំផែនការត្រូវសម្របទៅតាមបរិបទជាក់ស្ដែង ជាពិសេសគឺពាក់ព័ន្ធនឹងបម្រែបម្រួលនានានៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះផងដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំនូវទិដ្ឋភាពទូទៅនៃការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងមហាផ្ទៃ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ គម្រោងចំណាយថវិកាឆ្នាំ២០២១ បញ្ហាប្រឈម និងសំណូមពរផ្សេងៗផងដែរ។

គួរជម្រាបជូនថា ការអនុវត្តថវិការកម្មវិធីក្រសួងមហាផ្ទៃ លើផ្នែករដ្ឋបាលទូទៅ មានគោលបំណង និងគោលនយោបាយដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដី ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងអភិវឌ្ឍ ដោយឡែកសម្រាប់ផ្នែកសន្តិសុខសាធារណៈ មានគោលនយោបាយ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print