គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា លើកយកសេចក្តីព្រាងច្បាប់ចំនួន៣ មកពិនិត្យនិងសិក្សា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅវិមានរដ្ឋសភា សេចក្តីព្រាងច្បាប់ចំនួនបីរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលបារាំង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានលើកយកមកពិនិត្យនិងសិក្សារវាងអន្តរគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា ដឹកនាំដោយ លោក កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមានលោក ទី សុគន្ធ ជាតំណាង។ ចំណែកតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ។

លោក កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។ លោកកិត្តិនីតិកោសលបណ្ឌិតបន្ថែមថា កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ានគឺ សន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសមួយចំនួន។
លោកបន្តថា គោលបំណងលើសេចក្តីព្រាងច្បាប់នេះ គឺដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសព្រហ្មទណ្ឌ។ ក្នុងកិច្ចប្រជុំនេះលោកប្រធានបានស្នើឲ្យ លោក លោកស្រីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះសេចក្តីព្រាងច្បាប់នេះជាមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print