អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយទៅឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រជាង ៤០០គ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង ៤០០គ្រួសារ ទទួលបានអំណោយពី រាជរដ្ឋាភិបាល តាមរយះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង និងនៅថ្ងៃទី៩កញ្ញា ឆ្នាំ២០២០ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក និងមន្ទីរជុំវិញខេត្ត បាននាំយកអំណោយទាំងនោះ ទៅផ្តល់ជូនពួកគាត់ ស្ថិតនៅក្នុងឃុំសៀមបូក ក្នុងស្រុក សៀមបូក ខេត្តស្ទឹងត្រែង ។

  អំណោយរាជរដ្ឋាភិបាល ដែលបាននាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៤០៦គ្រួសារនាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹស៊ីអ៊ីវ ១យួរ និងភួយ ចំនួន១ ថែមទៀតផង។

  អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋងាយរង គ្រោះដោយគ្រោះធម្មជាតិ ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងដូនចាស់ជរា នៅក្នុងគ្រានោះ ផងដែរ។

   លោក ម៉ុម សារឿន មានប្រសាសន៍ថា ថ្វីបើអំណោយទាំងនេះ មានចំនួនមិនច្រើនមែនពិត ប៉ុន្តែ អាចជួយដោះទុក្ខធុរៈ បងប្អូនបានមួយគ្រាដែរ ខណៈកំពុងជួបប្រទះនឹងការខ្វះខាត ស្របពេលដែលប្រទេស កម្ពុជា និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ 

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ត្រូវមានអនាម័យខ្ពស់ជានិច្ច ត្រូវរស់នៅស្អាត ហូបស្អាត ផឹកទឹកស្អាត ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាសកល។ 

លោក ម៉ុម សារឿន បានបន្តក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យខិតខំបង្កបង្កើនផល និងការដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ៕

        

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print