សមត្ថកិច្ចខណ្ឌកំបូលបង្ហាញមុខជនសង្ស័យជាមុខសញ្ញាកាប់ ឆក់ ប្លន់ ៦នាក់ មុននឹងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់និងទទួលផលចោរកម្ម ចំនួន៦នាក់ត្រូវបានកម្លាំងជំនាញខណ្ឌកំបូល បង្ហាញមុខជាសាធារណៈក្រោយពីបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន ដកហូតវត្ថុតាងម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀតបន្ទាប់ពីកសាងសំណុំរឿងរួច ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ជនសង្ស័យទាំង៦នាក់ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
ជនសង្ស័យទាំង៦នាក់នោះ ទី១-ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ទី៣ -ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៤-ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ទី៥- ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៦-ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងជំនាញ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ហង្ស មុន្នី អធិការខណ្ឌ បានយកចិត្តទុកដាក់បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទើបនៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០កន្លងមក កម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌកំបូល ដឹកនាំដោយលោក ឈឹម សាវុទ្ធ បានចុះល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យទី១-ឈ្មោះ សួគ៌ ពួង ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កណ្តាល 1S-2047 ជាស្លាកលេខមិនប្រក្រតី។ ដោយមានការសង្ស័យក៏ឃាត់សួរទើបបែកធ្លាយម៉ូតូទិញពីក្រុមចោរប្លន់ តម្លៃ១៥០ដុល្លារ ហើយកម្លាំងជំនាញក៏បន្តនីតិវិធីស្រាវជ្រាវអំពីម៉ូតូZOOMER-X មានស្លាកលេខពិតប្រាកដ ភ្នំពេញ 1DH-5464 ដែលជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកពីជនរងគ្រោះឈ្មោះ ហង្ស ចាន់រតនា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

នគរបាលបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទទួលផលចោរកម្មបាន កម្លាំងជំនាញខណ្ឌកំបូល មានការអនុញ្ញាតពីលោក ម៉ុត តារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តទៅការស្រាវជ្រាវ ឈានដល់ចុះបង្ក្រាបចាប់ខ្លួនជនដៃដល់ដែលសកម្មខាងប្លន់ នៅថ្ងៃទី០៧ ,០៨ ,០៩ ជាបន្តបន្ទាប់សរុបចំនួន៥នាក់បន្ថែមទៀត ដោយសមត្ថកិច្ចដកហូតបានម៉ូតូ៣គ្រឿង មួយគ្រឿងម៉ាកZOOMER-X ជារបស់ជនរងគ្រោះ និងដកហូតបានសម្ភារ គ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀត ។

ជនសង្ស័យក្រោយពីកម្លាំងនគរបាលធ្វើការស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនជាបន្តបន្ទាប់សរុបបានចំនួន៦នាក់នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញ ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ​៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print