លីគទី២ កម្ពុជាដែលគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែតុលាខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ នៅសល់រយៈពេល ២២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួត ជម្រើសជើងឯក លីគទី២ ឆ្នាំ២០២០ នឹងចាប់ផ្ដើម ការប្រកួត ផ្លូវការហើយ ពោលគឺនៅថ្ងៃទី០៣ ខែតុលាខាងមុខ។ មកទល់ពេលនេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា នៅមិនទាន់ប្រកាស អំពីក្រុម ត្រូវចូលរួម ប្រកួតនោះទេ។
ជុំវិញបេក្ខភាព ចូលរួមប្រកួតលីគទី២ នេះដែរ លោក រុន វិទូ អ្នកគ្រប់គ្រង ការប្រកួត បានឲ្យដឹងថា ៖ សហព័ន្ធ បានទទួលឈ្មោះក្លិប ដែលចុះឈ្មោះ រួចរាល់ហើយ នៅឡើយ តែការពិនិត្យ លក្ខខណ្ឌចុងក្រោយ ដើម្បីសម្រេចផ្លូវការ ថាតើក្លិបណាខ្លះ នឹងទទួលបានសិទ្ធិ ចូលរួមប្រកួត ជម្រើសជើងឯកលីគទី២ ឆ្នាំ២០២០ នេះ។
មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដដែលបន្ដថា លក្ខខណ្ឌចុងក្រោយ ដែលសហព័ន្ធ កំពុងធ្វើការត្រួតពិនិត្យ ទី១-ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ និងទី២-ផ្ដោតលើ ធនធានកីឡាករ តើបានបំពេញ គ្រប់លក្ខខណ្ឌហើយ ដូច្នេះសហព័ន្ធ នឹងចុះទៅពិនិត្យផ្ទាល់ ព្រមទាំង ផ្ដល់មតិយោបល់ ដើម្បីជំរុញឲ្យ ក្លិបនីមួយៗទទួលបាន ឱកាសចូលរួម ប្រកបដោយប្រសិទ្ធភាព។
លោក ក៏បានបង្ហើបដែរថា ចំពោះក្លិប ដែលបានចុះឈ្មោះរួច មានក្លិប នៅភ្នំពេញចន្លោះ ២ ទៅ ៣ក្លិប និងក្លិបនៅតាមខេត្តចន្លោះ ៧ ទៅ ៨ក្លិប។ ចំពោះការប្រកួតគ្រោងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សម្រាប់ក្រុមគ្រងជើងឯកលីគទី២ នឹងទទួលបានសិទ្ធិចូលរួមប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសក្រុមឈរបាតតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ។
សូមបញ្ជាក់ថា លីគទី២ កម្ពុជា បានបង្កើត ដំបូងនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្នុងគោលបំណង រកក្រុមជើងឯក និងក្រុមជើងឯករងឡើង ទៅបង្គ្រប់កៅអី លីគកំពូលកម្ពុជា ជំនួសក្រុមដែល ឈរបាតតារាង។ ប៉ុន្ដែដំណើរការបាន ២រដូវកាល ព្រឹត្តិការណ៍នេះ ក៏ស្ងាត់ទៅវិញ ពោលគឺ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយគ្មានការបញ្ជាក់ ពីមូលហេតុអ្វីឡើយ រហូតដល់ឆ្នាំ២០២០ ទើបសហព័ន្ធ ប្រកាសរៀបចំឡើងវិញ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print