នាយឧត្ដមសេនីយ៍ វង្ស ពិសេន ថ្លែងការកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះគុណបំណាច់របស់យោធិនចូលនិវត្តន៍ ក្នុងបុព្វហេតុបំរើជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយយោធិនត្រូវដាក់ឲ្យចូលនិវត្តន៍។

ពិធីសំណេះសំណាលបានប្រារព្ធធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយមានការចូលរួមពីសំណាក់នាយឧត្ដមសេនីយ៍ ជាអគ្គមេបញ្ជាការរង និងថ្នាក់ដឹកនាំ នាយទាហានចំណុះស្ថាប័នអគ្គបញ្ជាការជាច្រើនរូបទៀត។

ផ្អែកតាមផែនការរបស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ឆ្នាំ២០២០នេះ យោធិនដល់អាយុត្រូវចូលនិវត្តន៏មានសរុប ២.៣៤៨ នាក់ ដោយឡែកសម្រាប់ថ្ងៃនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្ដិ និងគ្រឿងឥស្សរិយយសមានចំនួន ១៦២ នាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៍ធំធេងរបស់យោធិនចូលនិវត្តន៍ទាំងអស់ ដែលបានបន្សល់ទុកនូវការចងចាំ មានដូចជា៖ ការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃមាតុភូមិ, ជាអ្នកប្រតិបត្តិករជាមួយស្ថាបនិកមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញ, និងចុងក្រោយការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងគាំទ្រនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមអភិវឌ្ឍលើគ្រប់វិស័យ។

នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើ និងសំណូមពរចំពោះយោធិនចូលនិវត្តន៍ទាំងអស់ ក្នុងពេលវិលត្រឡប់ទៅរស់នៅជាជនស៊ីវិលនៅមូលដ្ឋាន គប្បីបន្តរួមចំណែកជួយដល់សង្គមជាតិ មានដូចជា៖
*ការចូលរួមថែរក្សាស្ថិរភាពនយោបាយ ប្រឆាំងរាល់សង្រ្គាមចិត្តសាស្ត្រដែលមានចរិកញុះញង់ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
*ការចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលនានា និង ពន្យល់ប្រជាពលរដ្ឋឲ្យមើលឃើញច្បាស់ពីគុណសម្បត្តិនៃការដឹកនាំរបស់រាជរដ្ឋាភិបាលឲ្យមានស្ថិរភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។
*ត្រូវអប់រំក្រុមគ្រួសារ សាច់ញាតិ និង ចលនាប្រជាពលរដ្ឋឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការគោរព និងអនុវត្តច្បាប់។
*យកចិត្តទុកដាក់តាមដានពត៌មានដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងប្រមូលពត៌មានជុំវិញក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
*លើកកម្ពស់សកម្មភាពបង្កបង្កើនផល ដើម្បីកាត់បន្ថយការខ្វះខាត ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩។
*លើកកម្ពស់ការប្រុងប្រយ័ត្ន រក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print