រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាធ្វើឲ្យម៉ូតូ២គ្រឿងរងការខូចខាតនិងមនុស្សម្នាក់ស្លាប់ ឯ៣នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្ត៣គ្រឿងបានបុកបន្តកន្ទុយគ្នា ឯរថយន្តមួយគ្រឿងម៉ាក
ហ្វដ ដែលមានស្លាកលេខកន្ទុយ២៧ បានបើកគេចបាត់ ក្រោយបើកបុកម៉ូតូជនរងគ្រោះបន្តបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ដែលរថយន្តនោះបើកសំដៅទៅទីរួមខេត្តស្ទឹងត្រែង បន្សល់តែរថយន្តពីរគ្រឿង និងម៉ូតូរងគ្រោះពីរគ្រឿងនៅនឹងកន្លែងកើតហេតុ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្រចេះភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ៈ១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខវត្តស្រែស្បូវ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនិងម៉ូតូបើកស្របទិសគ្នាពីត្បូងទៅជើង ចេញពីទីរួមខេត្តក្រចេះឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយម៉ូតូ ២គ្រឿងជិះគ្នា២នាក់ ចេញពីវត្តស្រែស្បូវ ក៏ត្រូវបានរថយន្តសំាយ៉ុងគេចពីម៉ូតូមិនផុតក៏ប៉ះនឹងដៃចង្កូតម៉ូតូ ធ្វើឲ្យម៉ូតូទាំងពីរគ្រឿងនោះប៉ះទង្គិចគ្នាដួលទៅនឹងលើផ្លូវជាតិ ចំណែកអ្នកជិះម៉ូតូ ក៏បានស្ទុះក្រោកឡើង តែមិនទាន់រួចផងក៏ត្រូវបានរថយន្តម៉ាកFordមកពីក្រោយ មិនបានមើលក៏ជាន់ជនរងគ្រោះពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានភិនភាគសម្គាល់កន្ទុយស្លាកលេខ២៧ បើកសំដៅទៅខេត្តស្ទឹងត្រែង ដោយមិនបានឈប់មើលនោះឡើយ ព្រោះដឹងថាខ្លួនបង្កឲ្យមនុស្សស្លាប់នៅលើផ្លូវជាតិលេខ៧។ភ្លាមៗនោះសមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុតែម្តង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្ដ៣គ្រឿងបើកពីត្បូងទៅជើងស្របទិសគ្នាជាមួយនិឹងម៉ូតូ២គ្រឿង បើកចេញពីវត្តស្រែស្បូវ ហើយរថយន្តក៏បត់ឡើងមកជើងដូចគ្នាដែរ ធ្វើឱ្យរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-2061 គេចមិនផុតបានប៉ះដៃម៉ូតូដែលបើកបរ២ទន្ទឹមគ្នាធ្វើឱ្យប៉ះនិឹងដៃចង្កូតម៉ូតូមួយទៀតដួលតែម្តង។
ចំណែករថយន្តឡិចស៉ីសRX300ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ2AQ-5928 មកបុកនិឺងរថយន្តសាំយ៉ុងបន្តទៀត។ដោយឡែករថយន្តម៉ាកហ្វដមិនស្គាល់ស្លាកលេខច្បាស់គ្រាន់តែដឹងតែថាមានស្លាកលេខកន្ទុយ២៧តែប៉ុណ្ណោះ មកក្រោយគេស្របពេលអ្នករបួសងើបមិនរួចក៏មកជាន់ពីលើជនរងគ្រោះបណ្តាលឪ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្តង ហើយក៏បើកបន្តទៅមុខមិនបានឈប់ឡើយ ឆ្ពោះទៅទិសខាងជើងសំដៅទៅខេត្តស្ទឹងត្រែងបាត់ទៅ។

សមត្ថកិច្ចបញ្ចាក់ថាជនរងគ្រោះដែលស្លាប់នោះមានឈ្មោះស៉ី ណេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរខេត្តភ្លាមៗ។ រីឯរថយន្តបង្កនិងម៉ូតូរងគ្រោះ សមត្ថកិច្ចយកមករក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ សមត្ថកិច្ចនិងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង នៅជាប់នឹងខេត្តក្រចេះ ដើម្បីរករថយន្តដែលមានស្លាកលេខដូចមានភិនភាគខាងលើដែលបង្កឲ្យមនុស្សស្លាប់នោះ នាំមកដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print