រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៧

ចែករំលែក៖

ខេត្តព្រះវិហារ៖  ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដែលជិតឈានមកដល់នាពេលខាងមុខនេះលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយមួយចំនួន ទៅប្រគល់ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ ។​

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង  ក្រោមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ ៧  ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ព្រមជាមួយនោះលោករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចូលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល ។

លោកអ៉ិត សំហេង ក៏បានជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមមានសុខភាពល្អ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមស្តាប់វិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលអំពីការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឲ្យយើងទាំងអស់គ្នាជៀសផុតបានពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

លោករដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ក៏បាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សាមុខជំនាញបច្ចេកទេសផ្សេងៗនៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ផងដែរ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print