រដ្ឋមន្ត្រីកសិកម្ម ពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ចឹម កូនកង្កែប និងកូនត្រីអណ្តែង នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេង្តមណ្ឌលគីរី និងសហការីបានអញ្ជើញមកភូមិអូយ៉េះ និងភូមិចម្រើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ចឹម កូនកង្កែប និងកូនត្រីអណ្តែង ដែលលោករដ្ឋមន្ត្រីបានចែកជូនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងខណ:ចុះពិនិត្យនេះ លោករដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចិញ្ចឹម និងថែរក្សាត្រី និងកង្កែបដែលបានចែកជូនកន្លមកបានល្អប្រសើរ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យមន្រ្តីជំនាញ និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំ ដើម្បីឲ្យយុទ្ធនាការនៃការពង្រឹង និងពង្រីកការចិញ្ចឹមត្រី និងកង្កែបនេះឲ្យមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីនិរន្តរភាពក្នុងផ្គត់ផ្គង់ទីផ្សារ។

សូមអនុញ្ញាតជម្រាបជូនថា យុទ្ធនាការនៃការពង្រឹង និងពង្រីកវារីវប្បកម្មក្នុងស្រុកតាមរយ:ការចិញ្ចឹមត្រី និងកង្កែបជាលក្ខណ: គ្រួសារដើម្បីបង្កើតចំណូល ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិយើងកំពុងប្រឈមវិបត្តិជំងឺឆ្លងកូវីដ-១៩ គឺជាគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភថវិកាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ចំនួន ២០០០លានរៀល។ ស្របពេលជាមួយគ្នានេះតាមរយៈនៃការណែនាំរបស់ក្រសួងកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី ទទួលបានថវិកាពីដៃគូមួយចំនួន បានជួយដល់កសិករក្នុងការធ្វើស្រះជូនកសិករបានចំនួន ១៣៤ស្រះ។ ទន្ទឹមនេះ គម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានផ្តល់ជំនួយឧបត្ថម្ភដល់ការធ្វើស្រះធម្មជាតិចំនួន ៤៥ស្រះ ដែលមកទល់ពេលនេះ ខេត្តមណ្ឌលគីរីបានទទួលស្រះ និងតង់ សរុបចំនួន ២៧១ តង់ និងស្រះ ជូនដល់កសិករក្នុងការធ្វើវារីវប្បកម្ម ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print