ខេត្តប៉ៃ លិន ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅកុដិរបស់ព្រះសង្ឃចៅអធិការវត្តអូរដូនតា ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត្តប៉ៃលិន បន្ទាប់ពីចោរមិនស្គាល់មុខចូលលួចកាត់គន្លិះសោទ្វារកុដិ រួចចូលទៅវះធុងលុយជាង២០០០ដុល្លារគេចខ្លួនដោយសុវត្ថិភាព។
ព្រះចៅអធិការវត្តមានព្រះជន្មជាង៧០វស្សាបានមានថិរដីកា ប្រាប់សមត្ថកិច្ចថា ប្រាក់ (បច្ច័យ) ដែលចោរលួចនោះមាន ៖ លុយថៃចំនួន ១០ ០០០ បាត, លុយខ្មែរចំនួន ២.២០០ ០០០ រៀល, លុយដុល្លារចំនួន ១ ៨៣០ ដុល្លារអាមេរិក។ព្រះចៅអធិការវត្តបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ព្រះចៅអធិការវត្តបាននិមន្តទៅឆាន់ចង្ហាន់ថ្ងៃត្រង់នៅសាលាឆាន់ក្នុងវត្ត ដោយបានទុកបច្ច័យនៅក្នុងបន្ទប់ រួចក៏ចាក់សោទ្វារកុដិពីខាងក្រៅយ៉ាងត្រឹមត្រូវ ។
លុះពេលឆាន់ចង្ហាន់ថ្ងៃត្រង់រួច ព្រះចៅអធិការវត្តក៏និមន្តត្រឡប់មកកុដិវិញ ស្រាប់តែឃើញសោត្រូវចោរកាត់ដាច់និងទ្វារកុដិរបើក ពេលនោះព្រះចៅអធិការវត្តក៏មានការសង្ស័យ ទើបនិមន្តចូលមើលខាងក្នុងទើបដឹងថា ចោរបានវះប្រអប់ធុងដាក់លុយ រួចលួចយកលុយទាំងនោះបាត់អស់ទៅហើយ ។ មុនពេលព្រះចៅអធិការវត្តនិមន្តទៅសាលាឆាន់ ព្រះអង្គបានឃើញ ជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លិក(Click) ពណ៌ស ទៅឈប់មុខកុដិ ដោយពាក់អាវភ្លៀង និងពាក់មួកសុវត្ថិភាព ពណ៌ខ្មៅ តែមិនបានមើលឃើញស្លាកលេខម៉ូតូនោះទេ គ្រានោះព្រះអង្គក៏ស្មានតែជនរូបនេះឈប់ជ្រកភ្លៀងតែប៉ុណ្ណោះ។
ប៉ុន្តែខណៈនោះព្រះសង្ឃក្នុងវត្តបាននិមន្តទៅសាលាឆាន់ ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់អស់ទៅ លុះក្នុងថេរៈវេលាប្រហែលជា១ម៉ោង ទើបព្រះអង្គនិមន្តមកវិញ ក៏ឃើញចោរកាត់សោទ្វារចូលក្នុងបន្ទប់ រួចលួចយកលុយអស់តែម្តង ទើបមានការភ្ញាក់ផ្អើលពេញវត្ត ។
តែយ៉ាងណាក្តី ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ប្រមូលភស្តុតាង និងបានធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាទុកធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីស្វែងរកចោរចិត្តប្រេតថ្លើមពាសមេឃដែលហ៊ានកាត់សោទ្វារកុដិព្រះចៅអធិការវត្ត ចូលលួចយកបច្ច័យទាំងកណ្តាលថ្ងៃត្រង់នោះដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕
ដោយ៖ ប្រាថ្នា