ខេត្តកំពង់ឆ្នាំង ៖ មេការជាងសំណង់ម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីត្រូវខ្សែភ្លើង ឆក់ក្នុងពេលឡើងទៅតខ្សែដាក់អំពូលនៅលើពិតាន ។ ករណីមេការជាងសំណង់ត្រូវខ្សែភ្លើងឆក់នេះ បានកើតឡើងកាលពីកាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះកំពុងសង់ថ្មី ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយ័ន យ៉ីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមេការសំណង់ មានទីលំនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើពិតាន ដើម្បីតខ្សែដាក់អំពូលភ្លើងនៅជាន់ខាងលើដែលមានកម្ពស់៦ម៉ែត្រ ។ ក្នុងពេលដែលកំពុងតែ តខ្សែភ្លើងនេះបុរសរងគ្រោះមិនបានបិទចរន្តអគ្គិសនីនោះទេ ពេលដែលកំពុងតនោះ ក៏ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោមតែម្តង ។ ក្រោយពេលកើតហេតុភ្លាមៗ ពលរដ្ឋនៅក្បែរនោះ បានប្រញាប់ដឹកជនរងគ្រោះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសាកសព និង បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារតែត្រូវចរន្តអគ្គិសនីឆក់ប្រាកដមែន និងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ចន្ថា