ក្រសួងការពារជាតិជប៉ុន នឹងលើកសំណើមូលនិធិសម្រាប់ការពារជាតិជាង៥,៤ ពាន់ពាន់លានយេន ក្នុងដំណាក់កាលឆ្នាំ២០២១។ ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោកYoshihide Suga ក៏បានសន្យាថា នឹងបន្តគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ក្នុងការពង្រឹង វិស័យការពារជាតិ។
ប្រាក់ចំណាយសម្រាប់ការពារជាតិ របស់ជប៉ុនបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនេះជាឆ្នាំទី៧ហើយដែលជប៉ុនបង្កើនប្រាក់ចំណាយ ។ ប្រាក់ការពារជាតិ ក្នុងឆ្នាំ២០២០មាន ៥,៣១ពាន់ពាន់លានយេន ហើយត្រូវបញ្ចប់នៅខែមីនាឆ្នាំ២០២១។
លោក Suga ជាអ្នកឡើងគម្រោងនយោបាយនានា ក្រោមការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអាបេ រយៈពេល៨ឆ្នាំកន្លងមក។ នៅពេលនេះ លោកបានឡើងកាន់តំណែងដឹកនាំវិញម្តង ក្រោយការបោះឆ្នោតជ្រើសរើសពីគណបក្សកាន់អំណាច។ លោកបានប្រកាស សន្យាបន្តនយោបាយរបស់លោកអាបេ គឺពង្រីកនិងពង្រឹងវិស័យការបរទេស និងការពារជាតិឱ្យកាន់តែប្រសើរ។
តាមសារព័ត៌មានJapan Times បានផ្សាយថា ក្រសួងការពារជាតិ នឹងស្នើប្រាក់ចំណាយខាងលើនៅចុងខែកញ្ញានេះ ដើម្បីឲ្យសភាពិភាក្សានិងអនុម័ត ។ ជាមួយគ្នានេះក្រសួងការពារជាតិមានគម្រោងផ្លាស់ប្តូរយន្តហោះចម្បាំងប្រភេទចាស់ៗមួយចំនួន ដោយប្តូរប្រភេទថ្មី ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ៕