រថយន្តឡិចសុីសRX330មួយគ្រឿងបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បែរផ្សារថ្មី​រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងជនជាតិចិនម្នាក់ទៀតសង្ស័យស្រវឹងស្រា​ បានបើករថយន្តឡិចសុីសRX-330 មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់ ឯរថយន្តដាច់កាឡេកង់ខាងមុខខ្ទេច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចក្បែរផ្សារថ្មី​ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនឹងជនជាតិចិនម្នាក់ទៀតបើករថយន្តឡិចស៊ីស RX-330 មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AR-8682ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់មួយកង់ រីឯរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជាង២០ម៉ែត្រខូចខាតផ្នែកខាងមុខនិងដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងធ្វើការឃាត់ខ្លួនជនជាតិចិនទាំងពីរនាក់ទុកប្រគល់ជូនសមត្ថកិច្ចជំនាញចរាចរណ៍​ ចំណែករថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print