ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី២៩លានដុល្លារដើម្បីគាំទ្រការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាម៉េរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២នៃការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន២០លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្តដើម្បីពង្រឹងផែនការនិងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ ។ ទន្ទឹមនេះ ក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន ១,៧ លានដុល្លារផងដែរ។
លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជាក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋានប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទនិងទីប្រជុំជន ផងដែរ។ លោកស្រីបានបញ្ជាក់ថា៖ គម្រោងនេះ ចាំបាច់ណាស់ ខណៈជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទីពីទីក្រុងទៅជន បទ។ ប្រការនេះនឹងនាំដល់សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់ជំនួយសង្គម និងសេវាកម្មចាំបាច់ដូចជាផ្លូវថ្នល់ការផ្គត់ផ្គង់ទឹកនិងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយបរិយា
ប័ន្ន និងសមធម៌ ។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសកម្ពុជាបានកើនឡើង៨,០ភាគរយ ជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥ភាគរយ ក្នុងឆ្នាំ ២០១៤ ពី៤៧,៨ភាគរយក្នុងឆ្នាំ២០០៧។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង៧០ភាគរយរស់នៅ ជាមួយចំណូលតិចជាង៣ដុល្លារក្នុងមួយថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទាន់ស្មើគ្នា។ ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះប្រឈមហានិភ័យធ្ងន់ធ្ងរ ខណៈពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកក្នុងជីវភាពរស់នៅ។
លោកស្រី Jhelum Thomas បានឲ្យដឹងថា កម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះនឹងបំពេញបន្ថែមលើកម្មវិធីទី១ នៃការអភិវឌ្ឍផ្នែកសេវា និងការគ្រប់គ្រង វិស័យហិរញ្ញវត្ថុសាធារណៈ បានធ្វើ វិមជ្ឈការដែលកំពុងតែមានដំណើរការ។ លោកស្រីបានបន្ដថា កម្ម វិធីនេះ វានឹងជួយពង្រឹងការសម្របសម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធដើម្បីទទួលបានការ ផ្តល់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការប្រកបដោយការទទួលខុសត្រូវដែលរួមបញ្ចូលនូវការពង្រឹងផែនការថវិកាសវនកម្មនិងមុខងារអ្នកស៊ើបអង្កេតជាយុទ្ធសាស្រ្ត ។ ជាមួយគ្នានេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងចំណូលនិងចំណាយដើម្បីឆ្លើយតបនឹងតម្រូវការក្នុងមូលដ្ឋាននិងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេលវែងរបស់មន្រ្តីរដ្ឋ បាលមូលដ្ឋាន។
លោកស្រីបានបន្ដថា គម្រោងនេះ នឹងគាំទ្រដល់ការសាងសង់ និងដំណើរការនៃសាលារដ្ឋបាលមូលដ្ឋានជាតិថ្មី ដែលនឹងផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធសម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការក្នុងឆ្នាំ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តប្រឈមមុខ នឹងបញ្ហានៃភាពខ្សោយក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ ការគ្រប់គ្រងចំណូលនិងចំណាយមិនសូវមានប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់កំណែទម្រង់វិមជ្ឈការរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ ដូចជាការគាំទ្រដល់ កំណែទម្រង់ច្បាប់គោលនយោបាយនិងស្ថាប័ន។ នៅក្នុងចន្លោះឆ្នាំ២០០២និងឆ្នាំ ២០១២ ការចូលរួមរបស់ធនាគារ អភិវឌ្ឍន៍អាស៊ីផ្តោតលើការពង្រឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងការពង្រីកសេវាកម្មនៅតាមតំបន់ជនបទ។ ចាប់តាំងពីឆ្នាំ២០១២មក ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តោតលើការពង្រឹងការសម្របសម្រួលការងាររបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងការកំណត់តួនាទី និងភារកិច្ចក្នុងការផ្តល់សេវា។ តែទោះបីយ៉ាងណាក្ដី គម្រោងថ្មីនេះគឺស្របទៅនឹងអាទិភាពដែលបានដាក់ក្នុងយុទ្ធសាស្ត្រភាពជាដៃគូរបស់ ADB សម្រាប់ប្រទេសកម្ពុជា ២០១៩-២០២៣ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print