ក្រសួងការបរទេសបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោកប្រាក់ សុខុន  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស  និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើយោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួង បានចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ។

កិច្ចប្រជុំបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩  មកលើវិស័យសុខាភិបាល សង្គមកិច្ច និងសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងប្រកបដោយគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ។ 

ផ្តើមចេញពីស្ថានការណ៍នេះ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈនិងកំណត់ចេញនូវបន្ទាត់នយោបាយវិធី និងមធ្យោបាយដែលត្រូវចាត់ទុកថាប្រសើរបំផុត ដើម្បីបន្តការពារផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនយើង ពោលគឺការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងបង្កលក្ខណៈអនុគ្រោះ ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាព។ 

កិច្ចប្រជុំក៏បានត្រួតពិនិត្យឡើងវិញនូវសមិទ្ធផលទាំងឡាយដែលសំរេចបានក្នុងការអនុវត្តការងារធំៗទាំង៥របស់ក្រសួង ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើការងារកែទំរង់ផ្ទៃក្នុង រស់រវើក និងស៊ីជំរៅ។ ក្នុងន័យនេះ អង្គប្រជុំបានគូសរំលេចអំពីការប្រឈម និងកាលានុវត្តភាព បណ្តាសម្ពាធទាំងក្នុង និងក្រៅ មកលើការងារប្រចាំថ្ងៃ និងពិភាក្សារិះរកដំណោះស្រាយនានាឆ្លើយតប និងការប្រឈមទាំងនោះ ដើម្បីកែសំរួលបណ្ដាការងារ និងអាទិភាពឲ្យស្របនឹងការវិវត្តន៍បត់បែននៃសភាពការណ៍ បន្តលើកកំពស់ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារ។

 សមាជិកព្រឹទ្ធសភា រដ្ឋសភា និងតំណាងស្ថាប័នដែលមានផលប្រយោជន៍ពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាភ្ញៀវកិត្តិយស៕

   

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print