លោក សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់

ចែករំលែក៖

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថានឹងចូលរួមធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់ នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។ នៅក្នុងឱកាសអនុញ្ញាតទទួលជួប លោក Daniel Schmucking ប្រធានប្រចាំប្រទេសអង្គការ KONRAD ADENAUER នារសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងធ្វើបទអន្តរាគមន៍ ស្តីពីគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសំណល់ តាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុប និងប្រទេសផ្សេងទៀត រួមជាមួយផ្នែកឯកជន និងអង្គការសង្គមស៊ីវិល នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់ ដែលរៀបចំឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់ នឹងរៀបចំឡើងក្នុងពេលជាមួយគ្នាផងដែរនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយអង្គការ KONRAD ADENAUER សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា អង្គការGIZ និងដៃគូមួយចំនួនទៀត ដើម្បីពង្រឹងការចូលរួមពីផ្នែកឯកជនចំពោះការប្រតិបត្តិមេត្រីភាពបរិស្ថាន ជាពិសេការគ្រប់គ្រងសំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីគ្រប់គ្រងសំណល់-សំរាមនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១១៣ សំដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី និងលោកបណ្ឌិត Daniel Schmucking បានពិភាក្សាការងារបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ និងការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ដល់មន្រ្តីថ្នាក់ក្រោមជាតិ ដែលកន្លងមកក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់ក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមតាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗចំនួន៥ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ដោយចីរភាព។

បន្ថែមពីនេះ ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យអង្គការ KONRAD ADENAUER សម្របសម្រួលជាមួយទូរទស្សន៍អាល្លឺម៉ង់DW ដើម្បីសហការផ្សព្វផ្សាយឯកសារទាក់ទងនឹងការអប់រំបរិស្ថានផងដែរ៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print