ភ្នំពេញ៖ ទីតាំងភោជនីយដ្ឋានយីហោ អិន ប្រាំបី ដែលបិទចោលកំពុងជួសជុលត្រូវបានអគ្គិភ័យឆាបឆេះ តែមិនបង្កឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភោជនីយដ្ឋានយីហោ អិន ប្រាំបី ក្បែរស្តុបអាងទឹកអូឡាំពិក តាមបណ្ដោយមហាវិថីសម្ដេចមុនីរ៉េត កែងផ្លូវលេខ២៨៦ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ទីតាំងភោជនីយដ្ឋានយីហោ អិន ប្រាំបី គឺត្រូវបានបិទ និងកំពុងជួសជុលបន្ថែម ស្រាប់តែឃើញមានផ្សែងហុយឡើងតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា មូលហេតុនៃការឆេះនេះគឺបង្កឡើងដោយជាងជួសជុល ផ្សារដែកធ្លាក់កម្ទេចភ្លើងចុះមកខាងក្រោមស័ង្កសី បណ្ដាលឱ្យឆេះប៉ុងបិទជញ្ជាំង ទើបបង្កអោយឆាបឆេះតែម្ដង តែសំណាងល្អមិនបង្កឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងរបួសដល់មនុស្សឡើយ។
លោកនាយការិយាល័យបានបន្ថែមទៀតថា ក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២៦គ្រឿង ប្រើប្រាស់អស់ចំនួន១២គ្រឿង ទើបបាញ់ទឹករលត់ជាស្ថាពរ និងខូចខាតសម្ភារមួយចំនួន ដូចជាប៉ុង សាឡុង ពូកជាដើម៕ ដោយ ៖រ៉ារ៉ា