ខេត្តស្វាយរៀង៖ យោងតាមលោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៏មានថាឪពុកដែលវាយកូនស្រី នៅក្រុងបាវិត ត្រូវតុលាការខេត្តសម្រេចផ្ដន្ទាទោស
ដាក់ពន្ធនាគាររយៈពេលបីឆ្នាំ ។
លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម ហើយកាត់ទោសប្រកាសសាលក្រមដាក់ពន្ធនាគារ រយៈពេលបីឆ្នាំតែម្ដង ហើយឃុំខ្លួនតាមអំណាចសាលក្រមតែម្ដង មិនមែនតាមដីកានោះទេ។
លោក បានបន្តថា តំណាងអយ្យការបានចោទប្រកាសបុរសខាងលើ ពីបទហិង្សាដោយចេតនា មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា ស្ដ្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់អំពើហិង្សាដាក់យ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិថ្មីសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមការសួរនាំ ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនប្រើអំពើហិង្សាលើកូនស្រី ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរស័ព្ទនៅពេលយប់ពេក៕ ដោយ៖ យឹម សុថាន