ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចសុីសរបស់ស្រីម្នាក់ បានបុកប៉ះជាមួយនឹងរថយន្តទួរីសដឹកបន្លែដោយចៃន្យ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង នៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តទួរីសដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-2342 បើកបរក្នុងទិសដៅពីកើតទៅលិច ហើយដោយសារតែអ្នកបើកបររថយន្តនោះបើកបរផងចុចទូរស័ព្ទមើលផងនោះក៏បានជ្រុលទៅប៉ះជាមួយនឹងរថយន្តម៉ាកឡិចសុីស ពាក់ស្លាកលេខភ្នំពេញ 2BB-9211 បើកបរដោយស្រីស្អាតម្នាក់ដែលបម្រុងបើកចូលផ្លូវម៉ៅសេទុង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ក្នុងហេតុការណ៍នោះភាគីខាងរថយន្ត
ទួរីសព្រមចេញថ្លៃខូចខាតចំនួន៣០០ដុល្លារ ប៉ុន្តែភាគីខាងរថយន្តឡិចសុីសប្រកែកជិត២ម៉ោងមិនទទួលទេ ទាល់តែ៦០០ដុល្លារទើបអាចនិយាយគ្នាបាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានហៅជំនាញមកធ្វើការវាស់វែង បម្រុងអូសយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទេីបភាគីខាងរថយន្តស្រីស្អាតព្រមទទួលសំណងចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿង ៕ ដោយ៖ ភារ៉ា ដង្កោ