ខេត្តកណ្ដាល៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញមួយគ្រឿងពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងក្បាលពណ៌សទ្រុងពណ៌ខៀវពាក់ស្លាកលេខតាកែវ 3A-0021បើកបរដោយបុរសម្នាក់ឈ្មោះ ថោង សុភក្រ្ដ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តស្វាយរៀងបើកបរក្នុងទិសដៅពីត្បួងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករថយន្តដឹកទំនិញចំពីមុខពេញទំហឹងបណ្ដាលឱ្យតៃកុងរថយន្តកូរ៉េគាបជាប់ក្នុងកាប៊ីនរថយន្តស្លាប់ភ្លាមៗ ដោយឡែកតៃកុងរថយន្តដឹកទំនិញរងរបួសធ្ងន់បាក់ដៃត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា ចំពោះមូលហេតុដែលបណ្ដាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមកពីម្ចាស់រថយន្តកូរ៉េបើកលឿនខ្វះការប្រុងប្រយ័ត្នហើយងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តដឹកទំនិញតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចស្រុកកៀនស្វាយបានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកៀនស្វាយដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ៖ ផេង ភាព