ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារ មកពី៥ភូមិបានទទួលបណ្ណសមធម៌ (ក្រ១) (ក្រ២) ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាជាលើកទី៣ សរុបទាំង៣លើកនេះមាន៣៩៦គ្រួសារ និងក្រុមការងារចុះជួយសង្កាត់កោះដាច់ ដោយមានការចូលរួមជាអធិបតីពីលោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ និងលោក សំ ប៊ន សមាជិកក្រុមការងារចុះជួយសង្កាត់កោះដាច់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នៅសាលាបឋមសិក្សារនះកោះដាច់ ។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសដាក់ចេញនូវ(កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩) នៅទូទាំងប្រទេស និងបានបញ្ចេញសាច់ប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើងនោះ។
លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌជ្រោចង្វា បានឲ្យពលរដ្ឋដែលបានទទួលបណ្ណសមធម៌រួចហើយ អញ្ជើញទៅសាលាសង្កាត់ និងទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរ សូមបងប្អូនកុំភ្លេចទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
លោក ប៉ាត់ ហ៊ែល ចៅសង្កាត់កោះដាច់ បានបញ្ជាក់ថា នេះជាការផ្តល់បណ្ណលើកទី៣ជូនពលរដ្ឋក្រីក្រនៅក្នុងចំនួន៥ភូមិ ក្នុងសង្កាត់កោះដាច់ រួមមាន៖ ភូមិចុងកោះ ១០គ្រួសារ ភូមិល្វា១០គ្រួសារ ភូមិក្បាលកោះ៥គ្រួសារ,ភូមិកោះដាច់៥គ្រួសារ និងភូមិរនះ១០គ្រួសារ ។សរុបបណ្ណ័ដែលយើងបានផ្ដល់ជូនពួកគាត់ទាំង៣លើកនេះបានចំនួន៣៩៦ គ្រួសារហើយ។
សូមបញ្ជាក់ដែរថា៖ សម្រាប់បណ្ណ [ក្រ-១] ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព,ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។
ទី១-សម្រាប់បណ្ណ [ក្រ-២]ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូកបន្ថែម៣៦០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម២៨០០០៛ ទៀតសម្រាប់សមាជិកម្នាក់ៗនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។
ទី២-តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ សម្រាប់បណ្ណ [ក្រ-១] ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀលម្នាក់ៗទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
សម្រាប់បណ្ណ [ក្រ-២] ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ,ជនមានពិការភាព, ជន ចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
ទី៣-តំបន់ជនបទសម្រាប់បណ្ណ(ក្រ-១)ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន៨ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម ៥ ឆ្នាំ,ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។ សម្រាប់ប័ណ្ណ [ក្រ-២] ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន៨ម៉ឺនរៀល បូកបន្ថែម១៦ ០០០៛សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព,ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕ សំរិត