ផ្លូវមួយខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា នឹងសម្រេចបើកទាំងស្រុងនិងដាក់ឱ្យដំណើរការនាពេលដ៏ខ្លីខាងមុខ

ចែករំលែក៖

ខេត្តសៀមរាប៖ បើគិតមកដល់ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០នេះ​ ជាលទ្ធផលក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ត្រូវបានក្រុមការងាររដ្ឋបាលខេត្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំ ដោយនៅសល់តែសំណង់ចំនួន ០៣គ្រួសារទៀតតែប៉ុណ្ណោះ ដែលមិនទាន់បានរុះរើ ហើយក្រុមការងារនឹងបន្តធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើសំណង់របស់ស្របតាមសេចក្តីជូនដំណឹង និងតាមគម្រោងផែនការដែលបានកំណត់។

ការចុះអនុវត្តការសាងសង់ផ្លូវនេះ​ គឺ បន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០រួចមក ហើយក្រុមការងារចម្រុះដែល​មានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគម្រោងនឹងបើកផ្លូវទំហំ ១៥ម៉ែត្រ​ ប្រវែង​ ១០៣០ម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ផ្លូវ៧មករា។

សូមបញ្ជាក់ថា​ ផ្លូវ១ខ្សែនេះ​ គឺមានតាំងពីសម័យសង្គមរាស្ត្រ​និយម តែក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នៅពេលបងប្អូនបានវិលត្រឡប់ចូលមកកាន់ភូមិដ្ឋានវិញ បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នាមករស់នៅធ្វើការសាងសង់លំនៅដ្ឋានពីលើទ្រូងផ្លូវទាំងមូល ដែលមានទទឹង ១៥ម៉ែត្រ បណ្តោយប្រវែង ១០៣០ម៉ែត្រ រដ្ឋបាលខេត្ត​ និងអាជ្ញារធរមូលដ្ឋាន​បាន​នឹងកំពុងរៀបចំសាងសង់ឡេីងវិញ​ ដេីមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុង​ និងស្របតាមភាពរីកចម្រើនរបស់សង្គម​ជាតិ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះមានស្មារតីចូលរួមសហការ​ក្នុងការអនុវត្តបើកផ្លូវតាមទំហំដែលបានកំណត់ ដែលនេះជាសកម្មភាពគំរូក្នុងការចូលរួមគិតគូរពីផលប្រយោជន៍សាធារណៈ ក៏ដូចជាសង្គមជាតិរបស់យើង។ ម្យ៉ាងការចូលរួមដែលសម្រេចបានជាសមិទ្ធផលនេះ គឺជាការផ្តល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋដែលត្រៀមនឹងចូលរួមអនុវត្តការបើកផ្លូវទាំង ៣៨ខ្សែខាងមុខ ដែលនឹងសម្រេចបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print