ខេត្តក្រចេះ ៖ គ្រូពេទ្យម្នាក់ជាបុគ្គលិកមណ្ឌលសុខភាពត្រូវបានសមត្ថិកច្ចនគរបាលស្រុកសំបូរឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ និងបន្តតាមនីតិវិធីយោងទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយទារកដែលចោទប្រកានថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឱ្យស្លាប់។
ការឃាត់ខ្លួនគ្រូពេទ្យនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០នៅផ្ទះរបស់ជនសង្ស័យក្នុងទីរួមស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រូពេទ្យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ផាត់ ពិទូរ្យ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ ខេត្តក្រចេះ ហេីយមានបើកអាជីវកម្មព្យាបាលជំងឺឯកជននៅនឹងផ្ទះរបស់ខ្លួនក្នុងស្រុកសំបូរ ខេត្តក្រចេះនោះ ។
ឪពុកម្តាយទារកបានប្តឹងចោទប្រកាន់ពីអំពើមនុស្សឃាតដោយអចេតនា
លើទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាល បណ្តាលឱ្យទារកនោះស្លាប់នៅថ្ងៃទី២៧ ខែកញ្ញា ២០២០ កន្លងទៅថ្មីៗនេះ ។
ប្រភពបន្តថា ឪពុកម្តាយទារកបានរៀបរាប់ប្រាប់ថា ពេលគាត់យកកូនមកដល់ផ្ទះគ្រូពេទ្យនេះភ្លាម គ្រូពេទ្យបានពិនិត្យហើយថា កូនរបស់គាត់មានស្លេស្មរុំទងសួត ហើយគ្រូពេទ្យនេះបានយកកូនរបស់គាត់ទៅឋ
ដាក់ក្នុងម៉ាស៊ីនស្ពង់ដើម្បីឱ្យស្រួលដកដង្ហើម តែពេលនោះពួកគាត់បានឈរមើលឃើញកូនបញ្ឈរភ្នែកក៏ប្រាប់គ្រូពេទ្យឱ្យឈប់ស្ពង់ទៅ ព្រោះកូនគាត់បញ្ឈរភ្នែកហើយ។
ពេលនោះពេទ្យឆ្លើយថា មិនអីទេ តែនៅពេលគ្រូពេទ្យកំពុងតែស្ពង់កូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដងទៅ។
លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរបានឱ្យដឹងថា ៖ ជនជាប់ចោទជាគ្រូពេទ្យ ត្រូវបាននគរបាលស្រុកសំបូរធ្វើការឃាត់ខ្លនភ្លាមៗ ទៅតាមបញ្ជាផ្ទាល់ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តក្រចេះ បន្ទាប់ពីនគរបាលទទួលបានពាក្យបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះនោះ ហើយបានបញ្ជូនបន្តទៅស្នងការដ្ឋានខេត្តដើម្បីសួរនាំបន្តនីតិវិធី៕
ដោយ៖ ជីវ័ន្ត