អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះអង្កេតស្រាវជ្រាវ ចំនួន២ករណីគឺ៖

-ករណីសារព័ត៌មានបានចុះផ្សាយថា ប្រជាពលរដ្ឋចំនួន២ភូមិ ដែលរស់នៅជាប់ផ្ទៃបឹងធម្មជាតិ១កន្លែងស្ថិតនៅក្នុងភូមិអន្លង់ដែលមានព្រំប្រទល់ជាប់ភូមិបឹងក្រចាប់ជើង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចោទប្រកាន់អាជ្ញាធរស្រុក ថាបានឃុបឃិតជាមួយឈ្មួញលុបបឹងធម្មជាតិនេះដែលជាសម្បត្តិរួមប្រើប្រាស់ក្នុងមូលដ្ឋានរបស់ពួកគាត់។

-ករណីបណ្តឹងរបស់ប្រជាពលរដ្ឋ១រូប រស់នៅស្រុកទឹកឈូ ខេត្តកំពត កើតទុក្ខមិនសុខចិត្តទៅការចុះអនុវត្តវិធានការរដ្ឋបាលស្រុកទឹកឈូ ចុះរុះរើរោង និងទីតាំងសិប្បកម្មលូស៉ីម៉ងត៍របស់គាត់ ខណៈដែលរដ្ឋបាលស្រុកបានចេញលិខិតជូនដំណឹងចំនួន៣លើកដល់គាត់ឱ្យរុះរើចេញ តែគាត់មិនអនុវត្តតាម ដោយរដ្ឋបាលស្រុកពិនិត្យឃើញថា ការប្រើប្រាស់រោង និងទីតាំងសិប្បកម្មនេះសាងសង់បំពានលើដីចំណីព្រែកដែលជាសម្បត្តិរដ្ឋ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាចប់មក លោកបានណែនាំថា មន្រ្តីអធិការកិច្ចត្រូវហ៊ានដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ កុំខ្លាចមន្ត្រីខូច និងមន្ត្រីខុសខឹង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print