ព្រះមហាក្សត្រគុយវ៉ែត បានយាងចូលទិវង្គត ក្នុងព្រះជន្ម៩១ព្រះវស្សា

ចែករំលែក៖

ព្រះមហាក្សត្រគុយវ៉ែត ព្រះនាមSheikh Sabah al-Ahmad al-Jaber al-Sabah ជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ បានយាងចូលទិវង្គតក្នុងព្រះជន្ម៩១ព្រះវស្សា។
កាលពីថ្ងៃទី​២៩ ខែកញ្ញា ព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Jaber al-Sabah បានយាងចូលទិវង្គត ក្រោយជាច្រើនទសវត្សព្រះអង្គដឹកនាំប្រទេសគុយវ៉ែត។ ព្រះអង្គត្រូវបានគេដឹងថាជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ ជាអ្នកការទូតជើងចាស់និងជា “បុរសមានប្រាជ្ញា” នៃប្រទេសឈូងសមុទ្រដែលសំបូរប្រេងមួយនេះ។
កន្លងមកមុនពេលឡើងគ្រងរាជ្យ ព្រះចៅ Sheikh Sabah ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស​គុយវ៉ែតរយៈពេលដល់ទៅ៤០ឆ្នាំ គឺចាប់ពីឆ្នាំ១៩៦៣-២០០៣។ ក្នុងអំឡុងកាន់តំណែងការទូត ​ព្រះអង្គ​បានបង្កើនគោលនយោបាយទំនាក់ទំនងការបរទេសបានយ៉ាងល្អបំផុត​។
មន្តីគុយវ៉ែត​ទាំងអស់ក៏ដូចជាប្រជាជនគុយវ៉ែតបានបង្ហាញពីទុក្ខក្រៀមក្រំ សោកស្តាយចំពោះ​​ការយាងចូលទិវង្គតរបស់ព្រះអង្គ​។ រដ្ឋមន្ត្រីទទួលបន្ទុកព្រះបរមរាជវាំង​គុយវ៉ែត Sheikh Ali Jarrah al-Sabah មានប្រសាសន៍ថា​«យើងពិតជាមានទុក្ខក្រៀមក្រំដែលប្រកាសដំណឹងថា ព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Jaber al-Sabah បានយាងចូលទិវង្គត។
ព្រះចៅ​Sheikh Sabah al-Ahmad al-Jaber al-Sabah ជាព្រះមហាក្សត្រទី១៥​ ដឹកនាំគុយវ៉ែត ក្នុងរយៈពេល​២៥០ឆ្នាំកន្លងមក​។ ព្រះអង្គមានបុត្រ៣អង្គ ក្នុងនោះបុត្រា​២អង្គនិងបុត្រី១អង្គ ប៉ុន្តែបុត្រីDar Salwa បានចូលទិវង្គតដោយសារជំងឺមហារីក​។
អ្នកដែលស្នងរាជ្យ គឺព្រះអង្គ​Sheikh Nawaf Al Ahmed Al Sabah ព្រះជន្ម៨៣ព្រះវស្សា ត្រូវបានតែងតាំងជារាជបុត្រស្នងរាជ្យ នៅឆ្នាំ​២០០៦៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print