ព្រះរាជពិធីបុណ្យចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖នៅក្នុងឱកាសដែល ពុទ្ធបរិស័ទខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមសាមគ្គីគ្នា ជាឯកច្ឆ័ន្ទកសាងឡើងនូវអង្គកឋិនទាន ទៅតាមកម្លាំងសទ្ធារបស់អស់លោក ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅគ្រប់ទីអារាម ក្នុងរយៈពេលចំនួន១ខែ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើតខែកត្តិក ឆ្នាំជូត ទោស័ក ព-ស២៥៦៤នេះ ដោយឡែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ជ្រះថ្លាក្រៃ លែង ក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យ ព្រះមហាក្សត្រដ៏ធំមួយ ព្រមទាំងបានប្រារព្ធព្រះរាជពិធី ចំរើនព្រះបរិត្ត អង្គកឋិនទាន ព្រះរាជទ្រព្យនៅវេលារសៀល ថ្ងៃពុធ ១៣កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតេះធម្មជាតារាម ស្ថិតនៅភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។

  ក្នុងឱកាសយាងបំពេញមហាព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងថ្វាយគ្រឿងសក្ការៈបូជាថ្វាយចំពោះ ព្រះបរមរូបនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីយ៍ខ្មែរ គ្រប់ព្រះអង្គ ថ្វាយទេវាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះរតនត្រ័យ និងយាងថ្វាយ នៅតាមទីសក្ការៈដទៃទៀត ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ដើម្បីឧទិ្ទសបួងសួង សូមសិរីសួស្តីកើតមាន ក្នុងព្រះរាជពិធីបុណ្យ និងសូមឲ្យព្រះតេជៈបារមីត្រជាក់ត្រជុំរបស់ព្រះអង្គ  បន្តជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា និងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើននៅក្នុងជីវភាពសង្គមនិងគ្រួសារកុំបីឃ្លៀងឃ្លាតឡើង។

ព្រះរាជពិធីបុណ្យចម្រើនព្រះបរិត្ត អង្គកឋិនទាន ព្រះរាជទ្រព្យ ព្រះមហាក្សត្រ នៅរសៀលថ្ងៃនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ នាហ្មឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង បានយាងនិងអញ្ជើញ ប្រារព្ធនៅបទនមស្សកាព្រះរតនត្រ័យ សមាទានសីល គោរពរំលឹកដល់គុណបុណ្យដ៏ថ្លៃថ្លារបស់ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ព្រមទាំងព្រះវិន័យធម៌ ដ៏វិសេសវិសាល របស់ព្រះអង្គដែលបានប្រោសប្រទាននូវការប្រៀនប្រដៅដល់ មនុស្សក្នុងលោក បានស្វែងរកនូវអំពើល្អជាព្រះកុសលផលបុណ្យ និងនាំមកនូវ  សាមគ្គីធម៌ សេចក្តីសុខ ចម្រុងចម្រើន សម្រាប់បុគ្គល ក្រុមគ្រួសារ សង្គមជាតិ និងក្នុងពិភពលោកទាំងមូល ។

  សូមបញ្ជាក់ជូនថា សម្ភារៈបរិក្ខា អង្គព្រះកឋិនទាន ព្រះរាជទ្រព្យ   ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ប្រសើរខ្ពង់ខ្ពស់ កសាងឡើង នៅក្នុងឆ្នាំនេះមាន ចំនួន៤៥មុខ ក្នុងនោះមាន រួមនឹងបច្ច័យអង្គព្រះកឋិនទានព្រះរាជទ្រព្យចំនួន (១៤៤លាន ៩សែន៤មុឺនរៀល) វេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តតេះធម្មជាតារាម ស្ថិតនៅភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ៕

        

...

ដោយ៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print