មេគយកម្ពុជា អនុញ្ញាតឱ្យលោក Tassilo BRINZER ប្រធានក្រុមប្រឹក្សាភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការបន្តគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០   នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាន់ទី១៨ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឱ្យលោក Tassilo BRINZER ប្រធានក្រុមប្រឹក្សាភិបាលរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) និងជាប្រធានក្រុមធុរកិច្ចអាឡឺម៉ង់នៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង EuroCham Cambodia។

 ក្នុងជំនួបនេះ លោក ប្រតិភូបានស្វាគមន៍និងអបអរសាទរចំពោះលោក Tassilo BRINZER ដែលបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ EuroCham Cambodia។

លោកប្រតិភូ បានលើកឡើងថា ឥទ្ធិពលនៃជំងឺកូវីដ-១៩បានផ្តល់ប៉ះពាល់អវិជ្ជមានដល់ការប្រមូលចំណូលពន្ធគយ ទន្ទឹមនឹងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដាក់ចេញនូវវិធានការជាច្រើនដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមពីពេលមួយទៅពេលមួយ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសាកលនេះ។ នាពេលកន្លងមក អគរបានរៀបចំកិច្ចប្រជុំជាមួយផ្នែកឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់ រួមមានទាំងកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាផងដែរ ដែលជាសមិទ្ធផលការងារនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន  ដើម្បីដោះស្រាយនូវបញ្ហាជាច្រើន ដោយទទួលលទ្ធផលជាផ្លែផ្កាល្អប្រសើរ។ 

ទន្ទឹមនេះ លោកប្រតិភូបានឯកភាពឱ្យមានមន្រ្តីទំនាក់ទំនងរបស់អគរធ្វើការផ្ទាល់ជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក្នុងន័យដោះស្រាយឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនូវបញ្ហាដែលកើតមានឡើងជាយថាហេតុ តាមការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោកប្រតិភូ ក៏បានស្វាគមន៍ និងឯកភាពឱ្យខាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងអគរ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគរ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអាចលើកយកសេចក្តីព្រាងនេះមកពិភាក្សានាកិច្ចប្រជុំបន្ទាប់។

បន្ថែមលើនេះ លោក Tassilo BRINZER បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការប្រមូលចំណូលពន្ធគយ ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្មជាដើម ទោះបីស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសាកលនេះក៏ដោយ៕

   

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print