ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកកណ្តៀងបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា២នាក់ផ្សេងគ្នា ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដែលបានកើតឡើងនៅស្រុកកណ្ដៀង និងស្រុកក្រគរ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននៃស្រុកកណ្ដៀងបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០៥នាទី យប់ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថៃ ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្ដៀង មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង រវាងបុរស២នាក់ផឹកសុីជុំគ្នា លុះស្រវឹងស្រឿងៗរៀងៗខ្លួន ក៏បានទំនាស់ពាក្យសម្ដីគ្នាទៅវិញទៅមករឿងសុំបារីជក់ ដោយភាគីខាងសុំបារីពុំទាន់មានការអនុញ្ញាតផង បុរសអ្នកសុំបានលូកដៃយកបារីមកជក់ ធ្វើឲ្យភាគីម្ចាស់បារីប្រដៅដោយពាក្យសម្ដីខ្លះៗ ក៏ក្លាយជាទំនាស់ពាក្យសម្ដីគ្នាកើតឡើង ធ្វើឲ្យភាគីខាងម្ចាស់បារីឈ្មោះ(ថៃ ប៊ុនធឿន)ទាញពិលវាយក្បាលភាគីអ្នកសុំបារីបណ្ដាលឲ្យបែកហូរឈាមតែម្ដង ។
ដោយឡែក ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ស្រុកក្រគរឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៩ និង៣៨នាទីយប់ ថ្ងៃខែឆ្នាំដដែល ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីហិង្សាដោយចេតនាមួយបានកើតឡើងផងដែរ រវាងអ្នកជិះរថយន្តឈ្នួលដូចគ្នា បង្កដោយបុរសឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្ន រស់នៅភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល បានយកដុំផាវ័របែង(ប្រដាប់សាកថ្មទូរស័ព្ទ)វាយក្បាលជនរងគ្រោះដោយគ្មានមូលហេតុ។ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះទៅសួរនាំនឹងធ្វើតេស្ដទឹកនោមឃើញវិជ្ជមាន ។
ប្រភពព័ត៌មានដដែលបានបន្តថាករណីហិង្សាដោយចេតនា២លើក នេះជនសង្ស័យដៃដល់ជាមុខសញ្ញាត្រូវបានសមត្ថកិច្ចនគរបាលស្រុកទាំង២ខាងលើ នាំយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ៕
ដោយ÷បុឹម ពិន