ខេត្តស្ទឹងត្រែង៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងលោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តនិងកងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង៣ ក្នុងស្រុកសេសាន បានអញ្ចើញចូលរួមលែងកូនត្រីនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានការលែងកូនត្រីប្រាំមួយម៉ឺនក្បាល មាន៣ប្រភេទ ក្នុងនោះមានកូនត្រីប្រាចំនួន៥ម៉ីនក្បាល កូនត្រីឆ្ពិនចំនួន១ម៉ឺនក្បាល និងមានត្រីមេពូជប្រភេទត្រីខ្យាចំនួន២០០ក្បាលផងដែរ នៅចំណុចទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុករដ្ឋបាលជលផលបានមានប្រសាសន៍ថា ស្ថានីយនេះយើងបន្ថែមពូជត្រីបីប្រភេទថែមទៀតដើម្បីឲ្យ
វាមានការបន្តពូជ និងកាន់តែសំបូរដូចកាលពីសម័យមុន និងបំពេញសេចក្តីត្រូវការរបស់បងប្អូន ដែលបើពួកគាត់បានស្ម័គ្រចិត្តចាកចេញពីភូមិចាស់មករស់នៅភូមិថ្មីនៅតំបន់នេះ។ លោកបានបន្តថា: នេះជាយុទ្ធសាស្ត្រមួយ ចូលរួមជាមួយនឹងប្រមុខរាជរដ្ឋាភិបាលយើង លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងផង។ យើងត្រូវចូលរួមអភិរក្សថែរក្សាទាំងអស់គ្នាជៀសវាងប្រើឧបករណ៍នេសាទខុសច្បាប់ និងមិនឲ្យនេសាទនៅក្នុងអាងទំនប់វារីនេះឡើយដើម្បីទុកឲ្យត្រីបន្តពូជបានច្រើន។
លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ដែរថា: លោកបានទទួលស្គាល់ថា នេះជាយន្តការមួយថ្មីបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលអ្នកចំណាកស្រុកដែលលួចនាំយកឧបករណ៍នេសាទខុសច្បាប់មកនេសាទក្នុងតំបន់នេះ ព្រោះបច្ចុប្បន្ននេះយើងបានធ្វើការល្បាត អភិរក្សជាញឹកញាប់ជាមួយសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងសហគមន៍នេសាទ ដើម្បីទប់ស្កាត់និងបង្ក្រាប តែនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ លោកក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងឃុំភ្លុក ឃុំក្បាលរមាស ឃុំស្រែគរថ្មី រួមគ្នាថែរក្សា រួមគ្នាបង្កើនថែរក្សានិងអភិរក្សការពារធនធានធម្មជាតិឲ្យបានគង់វង្ស ដើម្បីឱ្យបានសម្បូរមានត្រីគ្រប់ប្រភេទសម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនយើងទៅថ្ងៃអនាគត។
លោកទួន ថាំង មេឃុំភ្លុកបានមានប្រសាសន៍ថា: លោកគាំទ្រទាំងស្រុងនូវយុទ្ធសាស្ត្រនេះ លោកនិឹងដឹកនាំកម្លាំងប្រជាការពារ និងកម្លាំងប្រជាសហគមន៍ចុះល្បាតនៅតំបន់នេះដែលត្រីមេពូជនិងកូនត្រីដែលយើងទើបលែងនេះផងឱ្យបានញឹកញាប់ដើម្បីទប់ស្កាត់ការពារការនេសាទខុសច្បាប់។
គួររំលឹកថា: តំបន់បានអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរនេះ មានផ្ទៃទឹកទំហំ(៦១៤៣ហិកតា) ដែលបានចុះបញ្ចីទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីធ្វើការហាមឃាត់ និងអភិរក្សមិនឲ្យចូលនេសាទឡើយ ដើម្បីថែរក្សាត្រីឲ្យនៅគង់វង្សជារៀងរហូត៕
ដោយ៖ មាស សុផាត