សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ

ចែករំលែក៖

ភ្នំពេញ៖នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើ លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បី​បានជាគោលការណ៍ និអនុសាសន៍​ណែនាំបន្ថែម សម្រាប់ផ្តល់ជូនក្រុមការងារចរចា បានជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់ ។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីលោករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីសាធារណៈកូរ៉េ មូន ជេអុីន អញ្ជើញមកធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញកាលពីពេលកន្លងមក ។ បន្ថែមលើយន្តការដែលកំពុងអនុវត្តន៍, កិច្ច- ព្រមព្រៀង មានគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើង នូវការឈានចូលនៃផលិតផលរបស់ភាគីទាំងពីរទៅក្នុងទីផ្សារទៅ វិញទៅមក តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ព្រមទាំង លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ។

ក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានធ្វើការចរចាចំនួន ២ ជុំ រួចមកហើយ តាមរយៈ ប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០​ កន្លងមក ។ អង្គប្រជុំ បានធ្វើការកត់ សម្គាល់លទ្ធផល​នៃការចរចាចំនួន ២ ជុំ នេះ និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាព ដែលទទួលបានរបស់ក្រុមការងារ ចរចាតាមផ្នែកនីមួយៗ ព្រមទាំង បានផ្តល់ការណែនាំគន្លឹះលើកិច្ចការជាក់លាក់មួយចំនួនបន្ថែមទៀតដល់ក្រុមការងារ ចរចា ដើម្បីជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះនៅត្រឹមដំណាច់ឆ្នាំ ២០២០​ ដូចដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ​ ។

ការចរចា​កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំ ប្រឹងប្រែងលើការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក ទោះក្នុងស្ថានភាពដ៏លំបាកនា ពេលបច្ចុប្បន្ន ដើម្បីទទួលបាននូវទីផ្សារនាំចេញសម្រាប់ផលិតផលរបស់កម្ពុជាដែលមានលក្ខណៈកាន់តែសំបូរបែប និងប្រសើរជាងមុន ក៏ដូចជាចូលរួមចំណែកបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ ។ តាមរយៈកិច្ចព្រមព្រៀង នេះ​ កម្ពុជានឹងមានឱកាសកាន់តែប្រសើរជាងមុនលើការនាំចេញផលិតផលសក្កានុពលរបស់ខ្លួនទៅទីផ្សា​រ​របស់កូរ៉េ ដែលកម្ពុជាមិនមាននៅក្នុងយន្តការបច្ចុប្បន្នរវាងកម្ពុជា និងកូរ៉េ ។ ក្រៅពីរបាំងពន្ធគយត្រូវបានកាត់បន្ថយនោះ, វិធានការមិនមែនពន្ធ និងវិធានដើមកំណើត ក៏ដូចជា បែបបទ និងនីតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឱ្យ ប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ផលប៉ះពាល់ វិជ្ជមានដែលកើតចេញពីកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍ និងទ្រទ្រង់កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ ការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

អង្គប្រជុំ ក៏បានបញ្ជាក់ជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រយន្តការពហុភាគី និយម និងការធ្វើពាណិជ្ជកម្មដោយផ្អែកលើមូលដ្ឋានច្បាប់ បើទោះបីជាប្រទេសមួយចំនួនបាន និងកំពុងអនុវត្តយន្តការ គាំពារនិយម និងឯកតោនិយម ជាពិសេស នៅក្នុងកាល:ទេស:នៃវិបត្តិជំងឺកូវីដ-១៩ នេះ ។

ចុងបញ្ចប់លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារចរចា ដែលបានខិតខំរៀបចំ និងចូលរួម យ៉ាងសកម្មក្នុងដំណើរការនៃការចរចាកិច្ចព្រមព្រៀង ក៏ដូចជា លើកទឹកចិត្តដល់ក្រុមការងារ ឱ្យខិតខំបន្ថែមទៀត សម្រាប់ត្រៀមចរចានៅជុំបន្ទាប់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំ និងអនុសាសន៍របស់អង្គប្រជុំ ដើម្បីឱ្យ ការចរចាសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការដែលបានគ្រោងទុក ៕

   

...

ដោយ៖សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print