គីម ជុងអ៊ុន ជូនពរលោកត្រាំឆាប់ជាសះស្បើយពីជំងឺ

ចែករំលែក៖

ក្រោយទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ​-១៩មក មេដឹកនាំជាច្រើននៅជុំវិញពិភពលោក បានជូនពរលោកត្រាំ​ឆាប់ជាសះស្បើយ ឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ក្នុងចំណោមមេដឹកនាំដែលជូនពរលោកត្រាំ មានទាំងមេដឹកនាំកូរ៉េខាងជើងផងដែរ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតជូនពរលោកត្រាំ​ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ​-១៩​។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNAនៅថ្ងៃទី​៣ខែតុលាបានផ្សាយថា​ មេដឹកនាំ គីម ជុងអ៊ុន បាន​ផ្ញើលិខិតចូលរួម​ជាមួយលោកត្រាំ និងជូនពរលោក ព្រមទាំងភរិយាឆាប់ជាសះស្បើយពីកូវីដ​-១៩​។
សារព័ត៌មានKCNA បានផ្សាយថា​ លោកគីម ជុងអ៊ុន​បានលើកឡើងថា លោកត្រាំនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ​ ។ លោកត្រាំគឺជាប្រធានាធិបតីដែលមានទំនាក់ទំនងបុគ្គលជិតស្និទ្ធជាមួយមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ដោយមេដឹកនាំទាំងពីរ​បានជួបគ្នាដោយផ្ទាល់​៣លើករួមមកហើយ​។​ ជំនួបលើកទីមួយគឺនៅថ្ងៃទី ​១២ខែមិថុនាឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី លើកទីពីរនៅទីក្រុងហាណូយប្រទេសវៀតណាម ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ​២០១៩​ និងលើកទី​៣នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងតំបន់ព្រំដែនគ្មានយោធារបស់ប្រទេសកូរ៉េទាំងពីរ​។
ការខិតខំរបស់អាមេរិក គឺដើម្បីឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូ ប៉ុន្តែកិច្ចពិភាក្សា មិនទទួលបានជោគជ័យឈានដល់កិច្ចព្រមព្រៀង។ ប្រទេសទាំងពីរនៅមានចំណុចជាច្រើនមិនទាន់ចុះសម្រុងគ្នា ប៉ុន្តែ​មេដឹកនាំទាំងពីរនៅតែរក្សាទំនាក់ទំនងបុគ្គលយ៉ាងល្អ ​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print