ក្រុមជនដៃដល់យកដុំថ្មគប់លេីអ្នកបេីកបររថយន្តស្លាប់សារភាព​ថាធ្លាប់គប់កញ្ចក់រថយន្តគេ៦លើក

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួន​បញ្ជូនទៅតុលាការចាត់ការតាម​ច្បាប់ចំពោះក្រុមជន​សង្ស័យដែលរពឹស​​ដៃយកដុំថ្មគប់​កញ្ចក់​រថយន្ត​បែកធ្លាយទៅត្រូវចំអ្នកបេីកបរតាមផ្លូវ​នៅ​ពេលយប់​ ហេីយរេចង្កូតទៅបុកដើម​កៅស៊ូ​នៅចំណុចឃុំបុសខ្នុរ​ ស្រុកចំការ​លេី​បណ្តាលឲ្យស្លាប់ភ្លាមៗ​នៅនឹងកន្លែង​ ។ ​ 

ជនសង្ស័យ​ទាំង២នាក់គឺទី១-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មានសារជាតិញៀន​  និង២-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានសារជាតិញៀន។  

 ក្រោយសួរនាំតាមជំនាញសមត្ថកិច្ច​ប្រាប់ថា​ ជនសង្ស័យឈ្មោះ ឈឿន ភារម្យ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ រី ធា ធ្លាប់បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តដែលធ្វើដំណើនៅលើផ្លូវជាតិ ចំនួន៦លើកមកហើយ។ 

 សូមរំលឹកថា​ យុវជនជាអ្នកបើកបររថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារត្រូវជនអន្ធពាលលួចវាយប្រហារដោយគប់នឹងដុំថ្មធ្លុះកញ្ចក់រថយន្តត្រូវចំដើមទ្រូងកាលពីវេលាម៉ោង១៨:​៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រភពពីមន្រ្តីនគរបាលស្រុកចំការលើបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ។ 

ជនរងគ្រោះ​បើកបររថយន្តដឹកទំនិញពីខេត្ដក្រចេះសំដៅទៅផ្ទះវិញត្រូវក្រុមជនអន្ធពាលយកដុំថ្មគប់ចំកញ្ចក់ខាងមុខ ហើយធ្លុះទៅត្រូវដើមទ្រូងម្ដុំចុងដង្ហើមធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត ហេីយបញ្ជូនទៅមន្ទីរពេទ្យបង្អែក​ស្រុកចំការលើ តែអកុសលជនរងគ្រោះក៏បានផុតដង្ហេីម​ស្លាប់ទៅ។ 

ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដកំពង់ចាម ៕ដោយ៖​ វណ្ណៈ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print