ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ពិតជាថ្លើមធំមែនហ៊ានយកកាំបិតកាប់ទៅលើមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែខ្ទុមបណ្តាលឱ្យរងរបួស ខណៈដែលពេលមេប៉ុស្តិ៍ដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីហិង្សាក្នុងគ្រួសារខ្លួនហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ករណីនេះបានកើតឡើង
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០
ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
តាមប្រភពបានឱ្យដឹងថសនៅវេលាម៉ោង៣ៈ៤១នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានទទួលពាក្យបណ្តឹងពីឈ្មោះ ភី ចិន្តា ភេទស្រីត្រូវជាប្អូនថ្លៃជនសង្ស័យបានរាយការណ៍មក សមត្ថកិច្ចថា មានករណីហិង្សាបម្រុងដុតផ្ទះខ្លួនឯង។
រួចលោកមេប៉ុស្តិ៍បាន ដឹកនាំកម្លាំងចុះទៅដល់គោលដៅកើតហេតុភ្លាម ឃើញជនសង្ស័យកំពុងចាក់សាំងចោលទៅលើដីវិញបម្រុងរត់គេចខ្លួន ហើយកម្លាំងនគរបាលក៏បានសួរនាំស្រាប់តែគេបានទាញកន្ត្រៃចេញពីហោប៉ាវ រួចក៏ជ្រុះធ្លាក់គ្រឿងញៀនមួយកញ្ចប់តូច។
ពេលនោះ កម្លាំងក៏បានឃាត់ខ្លួនរួចជនសង្ស័យបានរត់ទៅផ្ទះអ្នកជិតខាងទាញយកកាំបិតផ្គាក់ដេញកាប់សមត្ថកិច្ចបណ្ដាលឱ្យលោកនាយប៉ុស្តិ៍រងរបួសដៃនៅផ្នែកខាងឆ្វេងតែម្តងទើបសមត្ថកិច្ចឃាត់ខ្លួនបានភ្លាម។
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ សំ ចំរើនផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិកំពង់ក្របី ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបងហើយមករស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយឃាត់ខ្លួនជនសង្ស័យកំពុងឃុំក្នុងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមដើម្បីបន្តនីតិវិធី៕
ដោយ៖ ជីវ័ន្ត