បិសាចក្រហម និងហង្សក្រហមចាញ់ស្ពឹកមុខក្នុងការប្រកួតសប្តាហ៍ទី៤

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool បានចាញ់គូប្រកួតយ៉ាងអាម៉ាស់ក្នុងជំនួបសម្រាប់សប្តាហ៍ទី៤ ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League កាលពីយប់មិញ។ ក្រុមបិសាចក្រហមបានចាញ់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ៦ទល់១ ក្នុងទឹកដីរបស់ខ្លួន។ រីឯក្រុមហង្សក្រហម បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa ៧ទល់២ ។

ក្រុមបិសាចក្រហម Man United បាននាំមុខ១គ្រាប់មុនក្រុមភ្ញៀវដោយបាល់ប៉េណាល់ទីនៅនាទីទី២ ស៊ុតដោយកីឡាករ Bruno Fernandes ប៉ុន្តែត្រូវក្រុមភ្ញៀវ Tottenham តាមស្មើវិញនៅនាទីទី៤ ដោយកីឡាករ Ndombèlé ហើយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៧។ ពេលនោះខ្សែប្រយុទ្ធ Harry Kane រកបាន១គ្រាប់ទៀតនៅនាទីទី៣០ និងនៅនាទីទី៣៧ Son Heung-Min រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់តង់ទី១ ក្រុមភ្ញៀវ Tottenham នាំមុខក្រុមបិសាចក្រហមរហូតដល់ទៅ៤ទល់១។

ចូលដល់តង់ទី២ ក្រុមភ្ញៀវ Tottenham បានបន្តរកគ្រាប់បាល់២គ្រាប់បន្ថែមទៀតដោយកីឡាករ Aurier នៅនាទីទី៥១ និង១គ្រាប់ទៀតនៅនាទីទី៧៩ ដោយបាល់ប៉េណាល់ទីស៊ុតដោយកីឡាករ Harry Kane ធ្វើឲ្យចប់ការប្រកួតក្រុម Tottenham យកឈ្នះក្រុម Manchester United ដែលមានគ្នា១០នាក់ក្នុងលទ្ធផល ៦ទល់១។

ដោយឡែកក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានចាញ់ក្រុមម្ចាស់ផ្ទះ Aston Villa យ៉ាងចាស់ដៃដែរគឺ ៧ទល់២។ ក្រុមម្ចាស់ផ្ទះបាននាំមុខ២គ្រាប់នៅនាទីទី៤ និងនាទីទី២២ ដោយកីឡាករ Watkins  ហើយក៏ត្រូវក្រុមភ្ញៀវរកបាន១គ្រាប់សងវិញនៅនាទីទី៣៣ ដោយកីឡាករ Mohamed Salah ។

ក្រុមម្ចាស់ផ្ទះហាក់ដូចជាលេងត្រូវជើងគ្នាណាស់ បានបន្តរកគ្រាប់បាល់បាន២គ្រាប់បន្ថែមទៀតនៅតង់ទី១ គឺនៅនាទីទី៣៥ និងនាទីទី៣៩ ដោយកីឡាករ McGinn  និងកីឡាករ Watkins  ដដែល។ ចូលដល់តង់ទី២ កីឡាករ Barkley  របស់ក្រុម Aston Villa បន្តរកបាន១គ្រាប់ទៀតនៅនាទីទី៥១ ហើយក៏ត្រូវកីឡាករ Mohamed Salah រកបាន១គ្រាប់សងវិញ ប៉ុន្តែនៅនាទីទី៦៦ និងនាទីទី៧៦ កីឡាករ Grealish  រកបាន២គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួតក្រុម Aston Villa យកឈ្នះក្រុម Liverpool ក្នុងលទ្ធផល ៧ទល់២។

លទ្ធផលនេះធ្វើឲ្យក្រុមល្បីៗទាំង២ គឺក្រុមបិសាចក្រហម និងក្រុមហង្សក្រហមបានសាងប្រវត្តិសាស្ត្រដ៏អាក្រក់នៅដើមរដូវកាលថ្មីនេះ ដោយបន្តចាញ់គូប្រកួតស្ពឹកមុខបែបនេះ។ សម្រាប់ក្រុមបិសាចក្រហមបានបន្តធ្លាក់មកលេខ១៦បណ្តោះអាសន្ន ខណៈដែលក្រុមហង្សក្រហមឈរនៅលេខរៀងទី៥ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print