កិច្ចប្រជុំពិភាគ្សាការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ជំរុញការងារលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទគ្រុនសន្ធំ សម្រាប់ជំហានចុងក្រោយនៃការសម្រេចគោលដៅឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជា (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023) ។
នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) បានបើកកិច្ចប្រជុំពិភាគ្សាការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រាប់ជំហានចុងក្រោយនៃការសម្រេចគោលដៅឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡាង តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យ និងពិភាគ្សាលើលទ្ធភាព និងសកម្មភាពសំខាន់សំដៅកំណត់បានជាយុទ្ធសាស្ត្របន្ថែមលើកិច្ចការការលុបបំបាត់ជំងឺគ្រុនចាញ់បច្ចុប្បន្ន នៅក្នុងខេត្តមួយចំនួនដែលនៅមានអត្រាឈឺនៅឡើយ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំ ម.គ.ច និងលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ និងមន្ត្រីជំនាញអង្គការសុខភាពពិភពលោក (WHO) ផងដែរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានម.គ.ច បានរាយការណ៍ដល់អង្គប្រជុំអំពីស្ថានភាពជំងឺគ្រុនចាញ់ និងលទ្ធផលសម្រេចបានលើការងារលុបបំបាត់គ្រុនចាញ់គិតត្រឹមខែសីហាឆ្នាំ២០២០​ និងជំហ៊ានបន្ទាប់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ ដោយមានការពន្យល់បន្ថែមពីមន្ត្រីជំនាញអង្គការសុខភាពពិភពលោកផ្នែកជំងឺគ្រុនចាញ់នេះផងដែរ។

បន្ទាប់មក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំដែងនូវការកោតសរសើរលើលទ្ធផលនៃការងារលុបបំបាត់ជំងឺគ្រុនចាញ់កន្លងមករបស់ ម.គ.ច ហើយលោកស្រីបានមានប្រសាសន៍ថា ទោះបីជាជំងឺគ្រុនចាញ់ថយចុះយ៉ាងគំហុកក៏ដោយ ក៏យើងមិនត្រូវស្កប់ស្កល់និងជោគជ័យនេះទេ យើងត្រូវតែធ្វើការងារឲ្យបានខ្លាំងក្លាថែមទៀតនៅក្នុងជំហានចុងក្រោយនៃឆ្នាំ២០២០នេះ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់ តាមគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២៥ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ផែនការយុទ្ធសាស្ត្រនេះ ជូន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យកមកអនុវត្តន៍។ លោកស្រីរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាយើងត្រូវពិនិត្យ ពិភាក្សា និងកំណត់នូវយុទ្ធសាស្ត្រថ្មីដែលមានប្រសិទ្ធិភាពបន្ថែមទៀត ដោយត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងបច្ចេកទេស និងការងារអនុវត្តន៍ជាក់ស្តែង ដើម្បីចៀសវាងមានបញ្ហា និងការយល់ច្រឡំដែលអាចកើតមានឡើងក្នុងចំណោមមតិសាធារណៈ។ លោកស្រី ក៏បានជម្រុញឲ្យមានការពិចារណាដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការប្រើវិធីសាស្ត្រលេបថ្នាំការពារ និងព្យាបាលប៉ាស៉ាស៊ីតគ្រុនចាញ់ជាមុន បន្ថែមលើការប្រើប្រាស់មុង និងថ្នាំលាបការពារមូស មុននឹងបុគ្គលធ្វើដំណើរចូលទៅកាន់កន្លែងដែលមានហានិភ័យឆ្លងជំងឺគ្រុនចាញ់ខ្ពស់ដូចជាភ្នំ ឬកន្លែងដែលមានព្រៃច្រើនជាដើម។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានជម្រុញ និងលើកទឹកចិត្តដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៏ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមបណ្តាខេត្តដែលនៅមានករណីគ្រុនចាញ់នៅឡើយ នាជំហានចុងក្រោយនេះ ដោយត្រូវមានភាពច្បាស់លាស់ទាំងបច្ចេកទេស កម្រិតហានិភ័យ បញ្ហាដែលនឹងអាចជួបប្រទះនាពេលខាងមុខ និងធនធានថវិកា ដែលលោកស្រី អាចនឹងស្វែងរកកៀរគរជំនួយថវិកាបន្ថែមទៀត ប្រសិនបើអាចកំណត់បានច្បាស់នូវសកម្មភាពចាំបាច់ៗដែលត្រូវធ្វើក្នុងរយៈពេលត្រីមាសទី៤នៃឆ្នាំ២០២០ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំនាដំណាច់ឆ្នាំ២០២០នេះ។

ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសពីគ្រប់ភាគីទាំងអស់ ការប្រជុំនេះបានកំណត់នូវចំនុចសំខាន់ៗ សម្រាប់ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេច ដែលមានដូចខាងក្រោម៖
1. មន្ត្រីជំនាញទាំង ម.គ.ច និង WHO ត្រូវកំណត់ចំនួនខេត្តដែលនៅមានជំងឺគ្រុនចាញ់ ដើម្បីជម្រុញអនុវត្តន៍ការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៅជំហានចុងក្រោយនៃឆ្នាំ២០២០នេះ
2. ផ្តល់ជំនួយបច្ចេកទេសបន្ថែមពីអង្គការសុខភាពពិភពលោក និងការរៀបចំលំអិតលើជំហានចុងក្រោយសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ២០២០ និងឈានទៅគ្មានជំងឺគ្រុនចាញ់ប្រភេទគ្រុនសន្ធំនៅឆ្នាំ២០២៣ (Last Mile Malaria Elimination Efforts By 2020 for P.F elimination and maintain zero by 2023)
3. ត្រូវធានាឲ្យមានលក្ខណៈបច្ចេកទេសសមស្រប និងធានាឲ្យការអនុវត្តន៍ការលេបថ្នាំការពារជាមុននេះ អាចធ្វើទៅបានដោយរួមបន្ថែមជាមួយកិច្ចការកំពុងតែធ្វើស្រាប់ ដើម្បីជម្រុញឲ្យមានលទ្ធផលល្អប្រសើរសម្រាប់សម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ
4.ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការជួយស្វែងរកធនធានបន្ថែមសម្រាប់បំពេញកង្វះខាត នៅក្នុងការអនុវត្តន៍សកម្មភាពជាចាំបាច់សម្រាប់ជំហានលុបបពពាត់ជំងឺគ្រុនចាញ់ចុងក្រោយនេះ
5. ត្រូវកែសម្រួលការប្រើប្រាស់ពាក្យសំខាន់ៗ សម្រាប់គោលដៅចំណុច ដូចជាពាក្យ អ្នកចូលព្រៃ (Forest-Goer) គួរផ្តូរ ទៅជា អ្នកចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់​ (Travelers to malaria risk area) ដែលមានន័យរួមបញ្ចូលទាំងអ្នកប្រកបរបរអនុផលនៅក្នុងព្រៃភ្នំ អ្នកទៅបោះជំរុំនៅតាមព្រៃ ឬអ្នកដើរកម្សាន្តក្នុងព្រៃ ជាដើម ដែលពួកគាត់មានហានិភ័យនៃការឆ្លងជំងឺគ្រុនចាញ់។
6. ត្រូវប្រើយុទ្ធសាស្ត្រចម្រុះ ក្នុងការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ ដោយដាក់បញ្ចូលថ្នាំលាបការពារមូសខាំផងដែរ ការប្រើប្រាស់មុងផង និងការលេបថ្នាំការពារជាមុនផង ដោយរួមបញ្ចូលការពន្យល់ពីរបៀបប្រើប្រាស់ និងការអប់រំ​សុខភាព ។
7. ត្រូវធ្វើតេស្តរកមេរោគគ្រុនចាញ់ និងលេបថ្នាំការពារជំងឺគ្រុនចាញ់មុនចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ខេត្ត) ដើម្បីកំណត់មុខសញ្ញាបុគ្គលដែលនឹងទៅកាន់តំបន់ប្រឈមជំងឺគ្រុនចាញ់នៅតាមភូមិដែលនៅមានជំងឺគ្រុនចាញ់ប្រមាណជា៦០ភូមិ នៅទូទាំងប្រទេស។
8. ត្រូបញ្ជាក់ និងបែងចែកតួនាទី និងភារកិច្ច អ្នកដែលចូលរួមក្នុងការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងចំនួនកម្លាំងដែលត្រូវចូលរួមការងារនេះ
9. សកម្មភាពការងារសំរាប់ក្រុមដែលចូលទៅកាន់កន្លែងប្រឈមនឹងជំងឺគ្រុនចាញ់ រួមមាន ការផ្តល់មុងរយៈពេលវែង ការផ្តល់ថ្នាំលាបការពារមូសខាំ ការធ្វើតេស្តរកមេរោគគ្រុនចាញ់នៅតាមផ្ទះរាល់សប្តាហ៍ ការអប់រំសុខភាព/បំផុសសហគមន៍/ចលនាសហគមន៍ ផ្តល់ថ្នាំការពារ ការអង្កេតតាមដាន ការតាមដានផលប៉ះពាល់ដែលអាចនឹងកើតមាន និងការព្យាបាល ជាដើម។
10. ត្រូវពង្រឹងការងារតាមដានជំងឺ តាមដានសកម្មភាពការងារ តាមដានផលប៉ះពាល់ផ្សេងៗ និងការត្រៀមឆ្លើយតបក្នុងករណីមានបញ្ហាជាយថាហេតុ។
11. ជម្រុញ និងគាំទ្រអ្នកស្ម័គ្រចិត្តតាមភូមិ ដែលជួយលើការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដោយធ្វើឲ្យមានជំនឿលើការងារអ្នកស្ម័គ្រដែលមានកំណត់ច្បាស់លាស់ សុវត្ថិភាពនៃការធ្វើដំណើរ និងអំពើរំលោភបំពាននានា ជាដើម។
12. ត្រូវរៀបចំឯកសារលម្អិត ស្របតាមខ្លឹមសារនៃកិច្ចពិភាក្សាគ្នា ដោយកំណត់ឲ្យបានច្បាស់លាស់នូវយុទ្ធសាស្ត្រដែលត្រូវបន្ថែមលើយុទ្ធសាស្ត្រដែលមានស្រាប់ សំដៅលុបបំបាត់ជំងឺគ្រុនចាញ់នាជំហានចុងក្រោយនេះ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ និងសម្រេចជាចុងក្រោយ មុននឹងយកទៅអនុវត្តន៍នៅតាមមូលដ្ឋានដែលនឹងត្រូវកំណត់។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ៦:៣០នាទីល្ងាចនៃថ្ងៃដដែល ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ ប្រកបដោយលទ្ធផលជាវិជ្ជមាន ក្រោយពីបានពិភាក្សាយ៉ាងលំអិត គ្រប់ជ្រុងជ្រោយលើផ្នេកបច្ចេកទេស ការលំបាកដែលអាចកើតមានឡើងក្នុងពេលអនុវត្ត និងការងារអនុវត្តជាក់ស្តែង៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print