អគ្គនាយកអង្គការសុខភាពពិភពលោក៖ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានត្រៀមរួចរាល់សម្រាប់ចុងឆ្នាំ​២០២០

ចែករំលែក៖

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសឲ្យដឹងថា ​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ បានត្រៀមរួចរាល់សម្រាប់ចុងឆ្នាំ​២០២០នេះ ។
អគ្គនាយក​WHO បានបញ្ជាក់ថា «យើងត្រូវការវ៉ាក់សាំង ហើយចុងឆ្នាំនេះយើងនឹងមានវ៉ាក់សាំង ប្រើប្រាស់»។ អគ្គនាយក​WHO មិនបានបញ្ជាក់បន្ថែមជុំវិញ​វ៉ាក់សាំងដែល​WHO កំណត់ប្រើប្រាស់នោះឡើយ​។
នៅពេលនេះមានវ៉ាក់សាំងដល់ទៅ៩ប្រភេទ​កំពុងតែត្រូវបានដាក់បង្ហាញនៅទីតាំងវ៉ាក់សាំងពិភពលោក COVAX របស់ WHO ដើម្បីត្រៀមចែកចាយដល់ពលរដ្ឋ ២ពាន់លាននាក់នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២១។​ អគ្គនាយក​WHO ​បានអំពាវនាវឲ្យមានសាមគ្គីភាពរវាងថ្នាក់ដឹកនាំនៅលើពិភពលោក​ដើម្បីធានាដល់ការចែកចាយវ៉ាក់សាំង​ប្រកបដោយតម្លាភាព​។
កិច្ចប្រជុំរបស់​ WHO មានរយៈពេល​២ថ្ងៃ​ដើម្បី​វាយតម្លៃពីការទប់ស្កាត់កូវីដ​-១៩​នៅលើពិភពលោក​ ។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអំពាវនាវពីបណ្តាប្រទេស ក្នុងនោះមាន អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី​ ស្តីពីការកែទម្រង់ ពង្រឹង​អង្គការសុខភាពពិភពលោក​។
រដ្ឋាភិបាលអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង​ដល់អង្គការសុខភាពពិភពលោក​ពាក់ព័ន្ធវិបត្តិ​កូវីដ​-១៩ នៅលើពិភពលោក​​។ អាមេរិកចោទថា WHO ​គាំទ្រខាងចិន​ក្នុងករណីឆ្លងរាលដាលកូវីដ​-១៩​។
គិតមកដល់ម៉ោង​៨ព្រឹកថ្ងៃទី​៧ ខែតុលា តាមគេហទំព័រ Worldometer បានផ្សាយថា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ជាង៣៦លាននាក់ ស្លាប់ជាង​១លាននាក់ និងព្យបាលជាសះស្បើយ កើនឡើងជាង ២៧,១លាននាក់​៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print