ទីតាំងស្ថានីយប្រេងឥន្ធន:៣កន្លែងទៀត ត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យនៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយប្រេងឥន្ធនៈចំនួន៣ទីតាំងដែលស្ថិតនៅផ្លូវលេខ៦៧, លេខ១២៦ និងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្ត្ត្រីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះ រួមមានលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធន: ចំនួន៣ទីតាំង។
ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី១យីហោ សូគីមុិច ដោយមានម្ចាស់ឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ៦០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ៦៧ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ទីតាំងស្ថានីយប្រេងឥន្ធន:ទី២ យីហោ សូគីមុិច ដោយមានម្ចាស់ឈ្មោះ អុឹង ទ្រី ភេទប្រុស អាយុ ៦៧ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ទីតាំងស្ថានីយប្រេងឥន្ធន:ទី៣ យីហោ សូគីមុិច ដោយមានម្ចាស់ឈ្មោះ ថន ថាវី ភេទស្រី អាយុ៣០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន៣ខាងលើរួចមក កម្លាំងជំនាញរបស់យើងក៏បានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print