ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់បម្រើឲ្យផលប្រយោជផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសសម្ពោធនោះ អគ្គស្នងការនគរបាលជាតិ បានស្នើសុំឱ្យសមត្ថកិច្ចតាមដាន និងទប់ស្កាត់បទល្មើសក្រុម ឧទ្ទាមក្រៅច្បាប់ដែលនៅតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការពង្រឹងការងារឱ្យបានច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
ក្នុងពិធីសម្ពោធអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងសមិទ្ធផលនានាមួយចំនួនទៀតនៅក្នុងខណ្ឌដូនពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចចំពោះក្រុមឧទ្ទាមដែលជាចំណុចដ៏ធំ ព្រោះមកដល់ពេលនេះក្រុមឧទ្ទាម ពួកក្បត់ជាតិ ឧក្រិដ្ឋជនមិនបោះបង់ចោលឧបាយកលរបស់ពួកគេនៅឡើយទេ ហើយនៅតែបន្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
លោកបន្តថា៖ កម្លំាងសមត្ថកិច្ចទាំងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវគោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋជាង១៦លាននាក់ ដោយកុំឱ្យអ្នកណាមកបំផ្លាញសេចក្តីសុខ សុខសន្តិភាពរបស់យើងនោះឡើយ។
យើងត្រូវមានមោទនភាព យើងត្រូវការពារឱ្យបានដាច់ខាត អ៊ីចឹងព្យាករណ៍ទី១ ឧបាយកលពួកអមិត្ត ឧបាយកលពួកឧទ្ទាមមិនបោះបង់ចោលការបំផ្លាញយើងនោះទេ ដូច្នេះត្រូវចាំត្រូវប្រឹងប្រែងរួមគ្នា ហើយកិច្ចការធ្វើកន្លងមកគណៈបញ្ជការឯកភាពរាជធានីភ្នំពេញជាមួយខ្ញុំជាមួយលោក សៅ សុខា គឺសហការគ្នាបានល្អណាស់ ជាបទពិសោធន៍របស់យើងៗត្រូវពង្រឹងបន្តទៀតគ្រប់សមត្ថកិច្ចទាំងអស់ ហើយសូមអរគុណនិងសូមផ្តាំផ្ញើពិសេសដល់អស់លោកលោកស្រីជាអភិបាលខណ្ឌទាំងអស់ សូមជួយជ្រោមជ្រែងដឹកនាំកងកម្លាំងបញ្ជាការពារថែមទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដែរថា ពួកប្រឆាំងនិងពួកឧទ្ទាមក្រៅច្បាប់នៅតែបន្តសកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំធ្វើរដ្ឋប្រហារ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរាជានិយមនៅកម្ពុជា តាមរយៈការប្រើប្រាស់សិទ្ធិដោយបំពានហួសព្រំដែនសេរីភាពសាធារណៈ ។
លោកបានឱ្យដឹងថា៖ សកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គមទាំងនោះ មានដូចជា ការយកបញ្ហាកម្មករ កម្មការិនី បញ្ហាព្រំដែន និងគម្រោងអភិវឌ្ឍន៍នានា ដើម្បីមកបំភ័ន្តនូវសាធារណមតិ។ ការលើកយកបញ្ហាការចាប់ខ្លួនអ្នកនយោបាយអតីតគណបក្សប្រឆាំង ការបង្កើតសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា និងការដាក់ញត្តិនៅតាមស្ថានទូតនានា ក្នុងចេតនាបង្កើតឱ្យមានការប៉ះទង្គិចរវាងក្រុមបាតុករនិឹងអាជ្ញាធរសាធារណៈ ។
លោកបានបញ្ជាក់ថា៖ ទោះបី រាជធានីភ្នំពេញជួបប្រទះបញ្ហាស្មុគស្មាញជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែជាសំណាងខ្ពស់យើងមាននគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដ៏ស្មោះត្រង់ មានស្មារតី ឆន្ទៈស្នេហាជាតិ នឹងមានមគ្គុទេសក៍ដឹកនាំដ៏ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់បញ្ហាប្រឈមនានាបានយ៉ាងមានប្រសិទ្ធភាព មិនឱ្យក្រុមអមិត្តបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋានរាជធានីភ្នំពេញឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ មានដូចជា បាតុកម្មឬកូដកម្មចំនួន៥៣លើក បទល្មើសកើតឡើង៦៦លើក ថយចុះ២១លើកស្មើនឹង៣១ភាគរយ បទឧក្រិដ្ឋមាន១២លើកកើនឡើង៩លើក ប្លន់៤លើក ឃាតកម្ម៥លើក ជំរិតទារប្រាក់១លើក រំលោភ២លើក និងលួច១១លើក៕ សំរិត