ជិះម៉ូតូបុកឡានគេពីក្រោយហើយបែរជាប្តឹងទារសំណងរហូតដល់១ម៉ឺនដុល្លារ , ព្រះរាជអាជ្ញាចុះដល់កន្លែងកើតហេតុផ្ទាល់ដើម្បីស្វែងរកការណ៍ពិត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ឈ្មោះ សៀង វុទ្ធី ជិះម៉ូតូមិនមានការប្រុងប្រយ័ត្នជ្រុលទៅបុកឡានគេពីក្រោយដែលកំពុងបើកបរតាមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។ ប៉ុន្តែអ្វីដែលជាការហួសចិត្ត នោះ បែរជាក្រុមគ្រួសារខាងម៉ូតូប្តឹងទាមទារសំណងពីភាគីខាងឡានដែលមិនខុសអ្វីសោះរហូតដល់១ម៉ឺនដុល្លារទៅវិញ ។

ដើម្បីបង្ហាញការណ៍ពិតនៃរឿងគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះដល់កន្លែងកើតហេតុ ។ ជាលទ្ធផលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីភាគីខាងម៉ូតូបើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខឱ្យបានច្បាស់លាស់ពេលកំពុងបើកបរ ។

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលទើបទទួលបាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ វេលាម៉ោង១៥ៈ៤០នាទី លើចំណុចផ្លូវលេខ១១០ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6810 បើកបរដោយឈ្មោះ ឡៃ ភី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ មុខរបរកសិករ បើកបរ ទិសដៅពីលិចទៅកើត ពោលគឺពីភ្នំពេញទៅស្អាង ។

ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តបន្តិចរង់ចាំរថយន្តដែលបើកទិសដៅផ្ទុយឆ្លងស្ពានព្រែកហាស ក៏មានម៉ូតូម៉ាក HONDA Wave ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-9496 បើកបរដោយឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសធ្ងន់ មានទិសដៅស្របទិសមកបុកចំពីក្រោយរថយន្តកាមរី បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលទៅលើទ្រូងផ្លូវចូលចំណែកផ្លូវរថយន្តម៉ាក TOYOTA Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7578បើកបរដោយឈ្មោះ គឹម ឆាយរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន ។ ករណីនេះបណ្តាលឱ្យម៉ូតូខូចខាតធ្ងន់១គ្រឿង , រថយន្តខូចខាតស្រាល២គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ។

សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីភាគីខាងម៉ូតូបើកបរធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនពិនិត្យមើលស្ថានភាពផ្លូវខាងមុខឱ្យបានច្បាស់លាស់ពេលកំពុងបើកបរ ។

ទោះបីយ៉ាងណា ពេលនេះបែរជាភាគីខាងម៉ូតូប្តឹងទាមទារសំណងពីខាងភាគីរថយន្តទាំង២គ្រឿងរហូតដល់ចំនួន១ម៉ឺនដុល្លារ ។ ប៉ុន្តែពេលជួបចរចាគ្នាកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅតុលាការខេត្តកណ្តាល ភាគីខាងម៉ូតូបានទាមទារសំណងត្រឹម៥ពាន់ដុល្លារវិញ ខណៈដែលខាងភាគីរថយន្តជួយជាលុយសប្បុរសធម៌ចំនួន១ពាន់ដុល្លារ តែភាគីខាងម៉ូតូនៅតែមិនព្រម ។

អ្វីជាចំណុចសំខាន់នោះ ភាគីខាងរថយន្តបានដាក់ពាក្យសុំរថយន្តពីខាងតុលាការខេត្តកណ្តាលដើម្បីប្រើប្រាស់បម្រើឱ្យជីវភាពប្រចាំថ្ងៃ ។ ចំពោះនីតិវិធី យ៉ាងណានោះ ភាគីខាងរថយន្តសន្យាថា នឹងចូលខ្លួនបំភ្លឺគ្រប់ពេលវេលា ដោយមិនគេចវេះឡើយ ។

បញ្ហានេះ ភាគីខាងរថយន្តសំណូមពរដល់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មេត្តាប្រគល់រថយន្តទាំង២គ្រឿងឱ្យមកពួកគេប្រើប្រាស់វិញដោយក្តីអនុគ្រោះផង ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print