ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យថាគាត់ស្រវឹងស្រាបានដើរទៅដាក់មងយកត្រីក៏ស្រាប់តែរអិលជើងធ្លាក់ចូលទឹកស្រះរហូតដល់លង់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសាររត់ទៅជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះគង់ ផន អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងរួចក៏មានបំណងទៅដាក់មងនៅឯស្រែដើម្បីយកត្រីទុកធ្វើម្ហូប។ លុះបានប្រមាណជាមួយម៉ោងក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាគាត់លង់ទឹកស្រះស្លាប់បាត់ទៅហើយមិនអាចសង្គ្រោះបាននោះទេ។
ប្រភពបន្តថា ក្រោយមកសមត្ថកិច្ចមូលដ្ឋានរួមជាមួយគ្រូពេទ្យព្រមទាំងសមត្ថកិច្ចនគរបាលជំនាញបានទៅពិនិត្យ សពជនរងគ្រោះឃើញថាគឺពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែនខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានប្រគល់ទៅឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន