រឿងព្រេងខ្មែរ÷ រឿងព្រះរាជ​កុមារ ៤ អង្គ​ត្រូវ​ជ្រើស​យក​មួយ​អង្គ​សោយរាជ្យ

ចែករំលែក៖

មាន​និទាន​មួយ​ថា មាន​ព្រះរាជ​កុមារ ៤ អង្គ​ចេញ​ទៅ​រៀន​សិល្បសាស្ត្រ​ឯ​ក្រុង​តក្កសិលា​មហានគរ លុះ​រៀន​សិល្ប​ចប់​សព្វ​គ្រប់​ហើយ​ត្រឡប់វិលវឹងមកឈប់សម្រាក នៅ​ឧទ្យាន​មួយ ។ កាល​នោះ​មាន​ព្រះ​មហាក្សត្រ​នគរ​ដទៃ​មួយ​សោយ​ព្រះ​ទិវង្គត ហើយ​ឥត​អ្នក​ណា​នឹង​ធ្វើ​ជា​ស្ដេច​សោយ​រាជ​ស្នង​ព្រះ​មហាក្សត្រ​នោះ ទើប​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​បុរោហិត​មុខ​មន្ត្រី​សេនាបតី​កវី​បណ្ឌិត​ព្រឹទ្ធាមាត្រ ទឹម​បុស្សរថ​អធិដ្ឋាន​ផ្សង​រក​អ្នក​មាន​បុណ្យ ដើម្បី​ទទួល​យក​មក​ឲ្យ​សោយ​រាជ​សម្បត្តិ​គ្រប់​គ្រង​ព្រះនគរ​នោះ ។ កាល​ផ្សង​ទៅ បុស្សរថ​នោះ​ពុំ​ទៅ​រំលង​ឧទ្យាន​នោះ​ឡើយ ។ ពួក​បុរោហិត​ចូល​ទៅ​មើល​យល់​រាជ​បុត្រ​ទាំង ៤ ព្រះអង្គ​គង់​នៅ​ទី​នោះ ក៏​យក​ទឹក​ស្រង់​ទាំង ៤ ព្រះអង្គ ស្រេច​ហើយ​អញ្ជើញ​ចេញ​មក ទើប​អស់​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​បុរោហិត នឹង​មុខ​មន្ត្រី​សេនាបតី​កវី​បណ្ឌិត​ព្រឹទ្ធាមាត្រ​ទាំង​នោះ​ពិចារណា​គ្នា​ថា “ រាជ​កុមារ​ទាំង ៤ ព្រះអង្គ​នេះ​យើង​នឹង​យក​ព្រះអង្គ​ណា​ជា​ម្ចាស់​យើង ? ” ។ ទើប​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​បុរោហិត​អម្បាល​នោះ គិត​ធ្វើ​ជា​ប្រស្នា​ពិសោធ​រាជ​កុមារ​ទាំង ៤ ថា “ អង្គ​ឯ​ណា​មាន​បុណ្យ​ប្រកប​ដោយ​លក្ខណៈ​ត្រូវ​បាន​ជា​ស្ដេច” គិត​ដូច្នេះ​ហើយ​ក៏​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ​ទាំង​នោះ​ក្រាប​បង្គំ​ទូល​ថា “ បពិត្រ​ព្រះរាជ​កុមារ​ទាំង ៤ ព្រះអង្គ ! យើង​ខ្ញុំ​នឹង​និទាន​រឿង​មួយ ថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ព្រះ​សណ្ដាប់” ហើយ​ព្រាហ្មណ៍​និទាន​ថា “ មាន​នគរ ១ មាន​រាជ​ធីតា ៤ ព្រះអង្គ នាង ១ មាន​រូប​ឆោម​ល្អ​ប្រពៃ នាង ១ ចេះ​វត្ត​ប្រតិបត្តិ​ហើយ​ចេះ​ប្រដាប់​ភោជនាហារ​ដ៏​មាន​រស​ឆ្ងាញ់​ពិសា, នាង ១ ចេះ​ផ្គត់​ផ្ទង់​សារពើ​ទ្រព្យ​ផង រក្សា​ទុក​មិន​ឲ្យ​ខ្ចាត់​ខ្ចាយ នាង​មួយ​ចេះ​ប្រដៅ​ខ្ញុំ​កំដរ​ផង ចេះ​ចាយ​ទ្រព្យ​ឲ្យ​ទាន​សមណ​ព្រាហ្មណ៍ ភណាចារ្យ​និង​ស្មូម​យាចក​ផង, បើ​នាង​ទាំង ៤ សុទ្ធ​តែ​ប្រកប​ដោយ​លក្ខណៈ​ទីទៃ ៗ ដូច្នេះ តើ​ព្រះអង្គ​ទាំង ៤ សព្វ​ព្រះរាជ​ហឫទ័យ និង​យក​នាង​ណា​ជា​ព្រះរាជ​ទេពី​នៃ​ព្រះអង្គ​នីមួយ ៗ ? ” ។ ព្រះរាជ​កុមារ ១ ថា “ នាង​ដែល​មាន​រូប​ល្អ​នោះ​គួរ​ជា​រាជទេពី” ។ ព្រះរាជ​កុមារ ១ ថា “នាង​ដែល​មាន​វត្ត​ប្រតិបត្តិ​ចេះ​ប្រដាប់​ភោជនាហារ ដ៏​មាន​រស​ឆ្ងាញ់​ពិសា​នោះ គួរ​ជា​រាជ​ទេពី ” ។ រាជ​កុមារ ១ ថា “ នាង​ដែល​ចេះ​ផ្គត់​ផ្គង់​សារពើ​ទ្រព្យ​រក្សា​ទុក​មិន​ឲ្យ​ខ្ចាត់​ខ្ចាយ​នោះ​គួរ​ជា​រាជ​ទេពី ” ។ ព្រះរាជ​កុមារ ១ ថា “ នាង​ដែល​ចេះ​ប្រដៅ​ខ្ញុំ​កំដរ​ផង ចេះ​ចំណាយ​ទ្រព្យ​ផ្គត់​ផ្គង់​សមណ​ព្រាហ្មណ៍​ភណាចារ្យ​និង​ឲ្យ​ទាន​ស្មូម​យាចក​ផង​នោះ គួរ​បាន​ជា​រាជ​ទេពី ” ។ ទើប​អស់​ព្រាហ្មណ៍​អ្នក​ប្រាជ្ញ រាជ​បុរោហិត​មុខ​មន្ត្រី​សេនាបតី កវី​បណ្ឌិត​ព្រឹទ្ធាមាត្យ​ទាំង​នោះ ទទួល​យក​ព្រះរាជ​កុមារ​អង្គ​ក្រោយ​ដែល​សព្វ​ព្រះរាជ​ហឫទ័យ ចំពោះ​នាង​ដែល​ចេះ​បង្គាប់​បញ្ជា​ប្រដៅ​ខ្ញុំ​កំដរ​ផង ចេះ​រក្សា​ទ្រព្យ​ផ្គត់​ផ្គង់​សមណ​ព្រាហ្មណ៍​ភណាចារ្យ និង​ឲ្យ​ទាន​ស្មូម​យាចក​ផង​នោះ​ឯង អភិសេក​ឡើង​ជា​ស្ដេច សម្រេចសម្រេចដោយនូវប្រការអម្បាលនេះហោង៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print