ខេត្តបាត់ដំបង ៖ យ៉ាងហោចមានកុមារាម្នាក់បានស្លាប់ និងសមាជិកក្នុងគ្រួសារចំនួន៥នាក់ផ្សេងទៀតមានអាការ:ធ្ងន់ និងស្រាលក្រោយនាំគ្នាហូបដំឡូងមីហើយពុល។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្រ្តីនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា គ្រួសាររងគ្រោះខាងលើជាគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំងហើយមេគ្រួសារជាប្តីត្រូវចាកចេញទៅធ្វើការងារនៅតំបន់ឆ្ងាយ ដោយនៅត្រឹមតែប្រពន្ធប៉ុណ្ណោះស្នាក់នៅនឹងផ្ទះដ៏កម្សត់ដើម្បីមើលថែកូនតូចៗចំនួន៥នាក់។ ប្រភពដដែលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្រ្តីឈ្មោះ រិក ណៃ ត្រូវជាម្តាយរបស់ជនរងគ្រោះបានស្ងោរដំឡូងមីហូបជាមួយកូនតូចៗទាំងអស់។ ក្រោយមកគាត់មានអារម្មណ៍ប្លែកក្នុងនៅខ្លួនបន្តិចដែរប៉ុន្តែមិនចាប់អារម្មណ៍ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង រួចហើយក៏នាំកូនៗទាំងអស់ចូលសម្រាកទៅ។ រហូតដល់វេលាម៉ោង៣យប់ឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអាការ:ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ចំណែកកូនរបស់លោកស្រីចំនួន ៥នាក់ទៀតក៏បានចាប់ផ្តើមមានអាការ:ក្អួតចង្អោរខ្លាំងទៅៗរហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យទាំងយប់តែម្តង។ ក្នុងចំណោមកូនរបស់គាត់ដែលពុលទាំង៥នាក់មាន១នាក់បានស្លាប់ ដោយសារកម្លាំងខ្សោយ និងទំនងហូបដំឡូងស្ងោរច្រើនទើបពុលខ្លាំងជាងគេ។
ប្រភពដដែលបន្តថាក្មេងជនរងគ្រោះដែលពុលនៅក្នុងហេតុការណ៍នេះទី១ មានឈ្មោះ សោម ភេទប្រុស អាយុ២៣ឆ្នាំពុលស្រាល. ទី២ឈ្មោះ ចាន់នី ភេទប្រុស អាយុ១៤ឆ្នាំពុលស្រាល. ទី៣ឈ្មោះ ទីណា ភេទស្រី ១១ឆ្នាំពុលស្រាល. ទី៤ឈ្មោះ ឆាំ ភីម ភេទស្រី អាយុ៧ឆ្នាំ ពុលធ្ងន់ធ្ងរ. និងទី៥ឈ្មោះ ឆាំ ណាន ភេទប្រុស អាយុ៤ឆ្នាំ រងគ្រោះរហូតបាត់បង់ជីវិត។
យ៉ាងណាស្ត្រីរងគ្រោះត្រូវជាម្តាយជនរងគ្រោះបានអំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានាមេត្តាជួយដល់គ្រួសារ របស់គាត់ផងព្រោះបច្ចប្បន្នស្ថានភាពក្នុងគ្រួសារកំពុងតែជួបនូវសភាពទីទាល់ក្រខ្លាំងនិងប្តីទៅស៊ីឈ្នួលគេនៅឆ្ងាយទៀត៕
ដោយ÷ប្រាថ្នា