ខេត្តស្វាយរៀង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសុខាភិបាលអំពីជំងឺឆ្លងដល់ប្រជាពលរដ្ឋរងគ្រោះក្នុងអំឡុងពេលជំនន់ទឹកភ្លៀងនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២០ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានចុះព្យាបាលជំងឺដោយឥតគិតថ្លៃទៀតផង។
លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
លោកបានបន្តថាត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការ តាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឱ្យបានត្រឹមត្រូវ ។និងត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹកពន្យល់កុមារពីគ្រោះថ្នាក់ នៃការលង់ទឹកជាដើម។ និងត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូន ប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។
ដើម្បីជៀសវាងនូវបញ្ហា រាករូស រាកមួល ពុលចំណីអាហារ ឬជំងឺផ្សេងៗដទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ ។
លោកថា ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើមជាពិសេសជំងឺកូវីដ១៩ ចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែង ឬក្រមាខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺ ដែលក្អក ឬកណ្ដាស់ឱ្យលើសពី១ម៉ែត្រ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលដែលមានធាតុអាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ ។ ត្រូវធ្វើអនាម័យខ្លួនប្រាណ ឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាតជៀសវាងនូវជំងឺសើរស្បែក ពងទឹក កម រមាស់ជាដើម៕ ដោយ៖ យឹម សុថាន
សូមបញ្ជាក់ថានៅក្នុងឪកាសនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៑ុន ម៉ានីបានផ្សព្វផ្សាយអំពីរបៀបវិធានការអនាម័យដូចជាពាក់ម៉ាស លាងដៃជាមួយអាល់កុលរឺជែល សាប៑ូព្រមទាំងចែកនូវសម្ភារៈអនាម័យនិងថ្នាំពេទ្យមួយចំនួនដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ។