ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្កការដៃគូអភិវឌ្ឍន៍ ស្ដីពីការត្រៀមឆ្លើយតបទឹកជំនន់រហ័សនៅកម្ពុជាដែលមានវត្តមានលោក ហង្ស សាមឿន អនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសរុបរបាយការណ៍បច្ចុប្បន្នភាពតាមបណ្ដាខេត្តទាំង១៩ដែលរងគ្រោះដោយប៉ះពាល់គ្រោះធម្មជាតិក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនោះលោក ហង្ស សាមឿន មានប្រសាសន៍ថា៖ ជាក់ស្ដែងគិតចាប់ពេលនេះ ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ម៉ឺន៩ពាន់៧០២គ្រួសារ ក្នុងនោះប្រជាពលរដ្ឋជាង ២៨៥៣គ្រួសារប៉ះពាល់លំនៅឋាន ៣៩៤៨៥ខ្នងផ្ទះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងខូចខាត៣០ខ្នង សាលារៀនចំនួន៤០២ខ្នង វត្តចំនួន៦៤វត្ត ។ ខណៈដែលទឹកជំនន់ប៉ះពាល់ធ្ងន់ធ្ងរនេះ មានចំនួន១៩ខេត្តនិងរាជធានី ។ដោយឡែកការងារបង្កបង្កើនផលស្រូវធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវសន្ទូងជិត ១១,៦៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង៥ម៉ឺនហិកតា។
ក្រៅពីផលដំណាំ ទឹកជំនន់នេះក៏ប៉ះពាល់ផ្លូវជាតិមានចំនួន១៩.១៧១ម៉ែត្រនិងផ្លូវលំ២ម៉ឺន៦ពាន់៥២០ម៉ែត្រ និងស្ពានជាច្រើនផងដែរ។រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះបានបង្កឱ្យប្រជាពលរដ្ឋ១២នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។
ទន្ទឹមនឹងនេះលោក ហង្ស សាមឿន មានប្រសាសន៍បន្តថា លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់និងជាពិសេសអង្កការដៃគូអភិវឌ្ឍន៍ ដែលមានវត្តមាន ត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោ អគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលានិងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
ក្នុងនាមតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសូម អំពាវនាវដល់អង្កការដៃគូអភិវឌ្ឍន៍និង សប្បរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។
សូមបញ្ជាក់ថា ការរងវិសម្ពាធទាបបានធ្វើឱ្យភ្លៀងធ្លាក់ជាប់គ្នារយៈពេលប៉ុន្មានថ្ងៃនេះ។ ការធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បានបង្កឱ្យមានទឹកភ្លៀងជន់លិចនៅតាមបណ្តាខេត្តភាគពាយព្យប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោសែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ជានាយករដ្ឋមន្រ្តីនៃព្រះរាណាកម្ពុជា លោកទេសរដ្ឋមន្រ្តី គន់ គីម ជាអនុប្រធានទី១ និងមានក្រសួងស្ថាប័នពាក់ព័ន្ធនានាជាសមាជិកទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដល់មូលដ្នាននិងទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងអន្តរជាតិ បានបន្តចុះធ្វើសកម្មភាពសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបង្កដោយជំនន់ទឹកភ្លៀងនេះយ៉ាងសស្រាក់សស្រាំ។ ប្រជាពលរដ្ឋរងការជន់លិចត្រូវបានយកទៅទីទួលសុវត្ថិភាព និងជម្រកសត្វពាហនៈផងដែរ ៕
ដោយ៖ស តារា