គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់សម្ភារបរិក្ខារ និងស្បៀងបន្ថែមជូនដល់ខេត្តប៉ៃលិន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តប៉ៃលិន៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈលោក គីម វីរៈ តំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានប្រគល់សម្ភារៈបរិក្ខារមួយចំនួនសម្រាប់ការងារសង្គ្រោះប្រជាពលរដ្ឋ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន។

លោក គីម វីរៈ បានមានប្រសាសន៍បញ្ជាក់ថា៖ឆ្លងតាមការចុះពិនិត្យជាក់ស្តែងនិងមានសំណើពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់តួយ៉ាងដូចពេលនេះមានទូកជម្លៀសចំនួន១០គ្រឿង ឃីតសម្រាប់ជូនដល់ប្រជាពលរដ្ឋចំនួន ៧៥០ ទៀតផងដែរ ដោយក្នុងឃីតនីមួយៗមានអង្ករ ១០ គីឡូក្រាម ត្រីខ ១ យួរ និងមី ១ កេស។

លោក គីម វីរៈ បាននាំមកនូវបទបញ្ជារបស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថា៖ ការចែកជំនួយដល់ប្រជាពលរដ្ឋនាពេលនេះគឺជាការបំពេញបន្ថែមពីលើជំនួយដែលបានពីប្រភពនានាកន្លងមក ដើម្បីដោះស្រាយជាបន្តបន្ទាប់តាមដំណាក់កាលនៃគ្រោះមហន្តរាយ ហើយក៏ជាការសម្របសម្រួល និងបំពេញគ្នាទៅវិញទៅមកឈរលើស្មារតីផលប្រយោជន៍និងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះជាកត្តាស្នូល ដូច្នេះជាការចាំបាច់ណាស់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសម្របសម្រួលក្នុងការចែកជូនស្បៀងជូនប្រជាពលរដ្ឋរងគ្រោះនេះជៀសវាងការផ្តល់ជំនួយជាន់គ្នាតាមទីកន្លែង និងអ្នកទទួលផល ដែលនាំឱ្យបាត់បង់ផលប្រយោជន៍របស់អ្នករងគ្រោះផ្សេងទៀតដែលកំពុងត្រូវការជំនួយជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលនិងមិនអាចជម្លៀសមកទីទួលសុវត្ថិភាពបាន។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានមានប្រសាសន៍ថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងយកចិត្តទុក្ខដាក់ដោះស្រាយជាបន្ទាន់រាល់ពេលមានគ្រោះមហន្តរាយម្តងៗ៕

សូមបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រគល់សម្ភារៈបរិក្ខារមួយចំនួន ដូចជា៖ អាវពោងចំនួន ៥០០ និងតង់ចំនួន៥០០ដែលប្រគល់បន្ថែមពីលើស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិនបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ ៕ស សារ៉េត

              

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print