ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្នុងគោលបំណង ក្តាប់ឲ្យបានរាល់ព័ត៌មាន និងព្រឹត្តការណ៍ផ្សេងៗពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារប្រើប្រាស់ និងស្បៀងសម្រាប់បរិភោគដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា។
លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅទីទួលមានសុវត្ថិភាព។ បន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល។
ត្រូវតែបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ ឱ្យបានទាន់ពេលវេលាគ្រប់ពេលមិនថាថ្ងៃឬយប់។
លោកអភិបាលខេត្តមានប្រសាសន៍បន្តថា: ត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិដោយសាជំនន់ទឹកភ្លៀងនេះ និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយ សរុប សម្រាប់អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ។ ទន្ទឹមនេះលេខាធិការបានណែនាំអំពីការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុនមាន១២៩៤៕
ដោយ៖មាស សុផាត